ក្រុមហ៊ុនចិន កំពុងសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងចំនួន២ខ្សែរ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group​ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនខ្លួន បានកំពុងផ្តោតការសិក្សាខ្លាំងលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានធ្វើឡើងតាមរយៈជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែរ។

ដោយគម្រោងសិក្សាផ្លូវរថភ្លើងទាំងពីរខ្សែរនេះ លោកថា រួមមាន៖« ១.គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងទី២. គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ»។

បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនខាងលើ ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ ។

ជាការឆ្លើយតបវិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍។

ក្រៅពីនេះ សម្តេចធិបតី ក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុនខាងថា ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដី ជាដើមផងដែរ។

សូមបញ្ជាក់ដែរថា ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺនឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ តាមរយៈវេទិកាខ្សែក្រវាត់និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

ជាងនេះ អំឡុងពេលចូលរួមវេទិកានេះ ក្រៅពីជួបបណ្តាអ្នកវិនិយោគនានា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ៕ អត្ថបទ៖ ពិសី