សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រូពេទ្យគ្រប់រូប បម្រើសេវាសុខភាពសារធារណៈជូនពលរដ្ឋឱ្យអស់លទ្ធភាព

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់​ឱ្យ​អនុវត្តជាផ្លូវការ​នូវកម្មវិធី ទី១ នៃគោលនយោបាយ​ជាអាទិភាព​ទាំង៦ គឺ «ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់គ្រួសារ​ងាយរងហានិភ័យ» នៅព្រឹក​ថ្ងៃទី២៤ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«មនុស្ស» នៅជាអាទិភាពទី១ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈសម្តេចធិបតី បញ្ជាក់ថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាលនូវតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់មន្ទីពេទ្យជាតិ តេជោសន្តិភាព ពិសេសមន្ទីពេទ្យរដ្ឋទាំងអស់ឱ្យអស់លទ្ធភាព ដើម្បីលើកម្ពស់វិស័យសុខាភិបាលកម្ពុជា។

ដោយសម្តេចធិបតី ក៏បានជំរុញថា៖« សូមឱ្យគ្រូពេទ្យគ្រប់រូបទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺ ដោយខិតខំបម្រើសេវាសុខភាពសារធារណៈប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងកាន់តែមានគុណភាពទ្វេដង»។

យ៉ាងណាមិញ ថ្លែងក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជូនពរពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា តែបើមាន អាការមិនស្រួល ឬ មានជំងឺណាមួយ សូមរួសរាន់មកកាន់មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញរង់ចាំពិនិត្យ និងព្យាបាលជំងឺផងដែរ៕ អត្ថបទ៖ រង្សី