រដ្ឋាភិបាលថៃបញ្ចុះតម្លៃទិដ្ឋាការមកនៅត្រឹម៥០០បាតដល់ពលករខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មីនេះបានលើកឡើងថារាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋការ ការងារដល់បងប្អូនកម្មករនិយោជិត ដែលពីមុនមានចំនួន១៩០០បាត ឥលូវនេះមកត្រឹម៥០០បាត ប៉ុណ្ណោះ ដែលអត្រាថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែ១២ខាងមុខនេះ។ តើការបញ្ចុះតម្លៃទិដ្ឋាការនេះ ពលរដ្ឋខ្មែរសម្រុកទៅធ្វើការនៅប្រទេសថៃដែរឬទេ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ហេង សួរ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ កាលពីថ្ងៃទី ២៥ខែតុលាកន្លងមកនេះ បានលើកឡើងថា “តាមរយៈលទ្ធផលនៃជំនួបទ្វេភាគីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយនិងនាយករដ្ឋមន្ត្រីថៃដែលបានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជាកាលពីចុងខែកញ្ញាកន្លងទៅនេះ រដ្ឋាភិបាលថៃបានឯកភាពតាមសំណើរនិងការលើកឡើងរបស់សម្តេចធិបតី ដែលស្នើសុំឱ្យភាគីថៃសម្របសម្រួលនិងបន្ថយបន្ទុកចំណាយផ្សេងៗ ឥឡូវនេះរាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋកា ការងារដល់បងប្អូនកម្មករនិយោជិត ដែលពីមុនមានចំនួន១៩០០បាត ឥឡូវនេះមកត្រឹម៥០០បាត ប៉ុណ្ណោះ ដែលអត្រាថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែ១២ខាងមុខនេះ”។

លោក ហេង សួរ មានប្រសាសន៍ថា “ក្នុងនាមបងប្អូនប្រជាពលរដ្ឋក៏ដូចជាពលករដែលចេញទៅធ្វើការនៅខាងក្រៅប្រទេសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់សម្តេចធិបតីដែលតែងតែលើកសំណើរសុំនានាជូនភាគីមិត្តដែលជាម្ចាស់ផ្ទះទទួលបងប្អូនពលកររបស់យើង ឱ្យធ្វើការសម្របសម្រួលនិងថែទំាបងប្អូនពលកររបស់យើងជាបន្តបន្ទាប់”។

លោកបណ្ឌិត ហុង វណ្ណៈ

ទាក់ទងនិងការបញ្ចុះតម្លៃទៅលើទិដ្ឋាការរបស់រាជរដ្ឋាភិបាលប្រទេសថៃនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា៖(១)- ខ្ញុំយល់ឃើញថាជាការចូលរួមចំណែកបន្ទុកចំណាយរបស់បងប្អូនកម្មករយើងដែលធ្វើការនៅប្រទេសថៃបានមួយចំណែកធំទៅថ្លៃទិដ្ឋាការក្នុងមួយឆ្នំាៗ។(២)-ទាញបាននូវបទពិសោធន៍ដែលប្រទេសថៃបានកំពុងអនុវត្តនៅក្នុងចំណុចណាមួយ ហើយសម្រាប់កម្ពុជាគួរយកធាតុចូលទំាងនោះយកធ្វើការពិចារណាថា តើអ្វីដែលយើងអាចធ្វើបាន ឬអនុវត្តបានដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជានិង(៣)- ពលករខ្មែរ ធ្វើការនៅប្រទេសទទួលបានការយកចិត្តទុកដាក់ទៅលើ សុខមាលភាព សិទ្ធិសេរីភាពពីនិយោជក សហគ្រាសផ្សេងៗនៅក្នុងប្រទេសថៃ។

លោកបណ្ឌិត មានប្រសាសន៍ថា “ការបញ្ចុះតម្លៃទិដ្ឋាការពី១៩០០បាត មកនៅត្រឹម៥០០បាតនេះ ខ្ញុំគិតថា មិនមែនមានន័យថាធ្វើឱ្យពលរដ្ឋក្នុងស្រុកទៅធ្វើការនៅប្រទេសថៃនោះទេ គឺវាផ្អែកទៅតាមការប្រាក់ឈ្នួល បើសិនប្រាក់ឈ្នួលពលកម្មនៅប្រទេសថៃខ្ពស់ជាងនៅកម្ពុជានោះពលរដ្ឋនិងទៅធ្វើការនៅប្រទេសថៃ។តែបើប្រាក់ឈ្នួលនៅក្នុងប្រទេសយើងសមស្រប ហើយលក្ខខណ្ឌរស់នៅសមរម្យ ខ្ញុំគិតថា ពលរដ្ឋខ្មែរគាត់មិនសំរុកទៅធ្វើការនៅប្រទេសថៃនោះទេ គាត់ពិតជាធ្វើការនៅក្នុងប្រទេសរបស់ខ្លួន បាននៅជិតឪពុកម្តាយ សាច់ញាតិ សប្បាយចិត្តជាង»។

បើតាមអ្នកជំនាញសេដ្ឋកិច្ច ឧទាហរណ៍បើការបញ្ចុះតម្លៃលើទិដ្ឋាការនេះរដ្ឋាភិបាលថៃឱ្យ ត្រឹមតែរយៈ ៦ខែឬ១ឆ្នំាមានតែមួយដងទេ នោះគ្រាន់តែជួយសម្រួលដល់បន្ទុកចំណែករបស់ពលករខ្មែរចាប់ផ្តើមទៅធ្វើការនៅប្រទេសថៃដំបូងៗប៉ុណ្ណោះ៕
អត្ថបទ៖សារេត