CDC៖ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ទាក់ទាញគម្រោងវិនិយោគបានចំនួន ២១៥គម្រោង

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀង បច្ចុប្បន្នបានទាក់គម្រោងវិនិយោគមកបណ្តាក់ទុនបានចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្និន័យនេះ ត្រូវបានបង្ហាញឡើងតាមរយៈការអញ្ជើញចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ និងក្រុមហ៊ុនចំនួន៦ដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចទាំងនេះ ក្រោមការដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជជែកដើម្បីស្ដាប់អំពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគនិងអភិវឌ្ឍន៍ ព្រមទាំងឆ្លៀតឱកាសនេះដើម្បីថ្លែងអំណរគុណជូនចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ដែលនេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ក៏បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅពន្យល់និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យមានវិនិយោគិនបន្ថែមទៀតមកកម្ពុជា។

សូមជម្រាបជូនថា បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១.៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥.០៨៦កន្លែង៕ អត្ថបទ៖ រង្សី