១០ខែឆ្នាំនេះ៖ កម្ពុជាបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ ជូនភ្ញៀវទេសចរបរទេស

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល ១០ខែពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួនជាង ២៧លានដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុបជាង៦០ម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រឹះស្ថានអង្គរ បានបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា គិតត្រឹមយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧,៨៨២,៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់។

ដោយឡែក សម្រាប់តែខែតុលា ឆ្នាំ២០២៣នេះវិញ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន២,៩២៧,០៣៨ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៦៣,០០៩នាក់។

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,២០៥,១៤០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែមពីគ្រឹះស្ថានអង្គរ។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍  បានឱ្យដឹងដែរថា សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ៕ អត្ថបទ៖ ពិសី