កម្ពុជាប្រារព្ធទិវាការស្តាប់ឮឡើងវិញ ខណៈប្រជាជននៅលើពិភពលោក​១,៥ពាន់លាននាក់រងការបាត់បង់ការស្តាប់ឮ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលប្រជាជននៅលើពិភពលោករងការបាត់បង់ការស្តាប់ឮប្រមាណ១,៥ពាន់លាននាក់ សម្រាប់នៅបានចាប់ផ្តើមប្រារព្ធទិវាការស្តាប់ឮឡើងវិញក្រោយពីខកខានធ្វើអស់រយៈ២ឆ្នំា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារបានលើកឡើងក្នុងទិវាការស្តាប់ឮកម្ពុជាលើកទី៦កាលថ្ងៃទី៥មីនានេះថា ក្រោយពីខកខានមិនបានរៀបចំទិវានេះអស់រយៈពេល ២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ទិវាការស្តាប់ឮកម្ពុជាចុងក្រោយបង្អស់ នៅឆ្នាំ២០២០ បានប្រារព្ធឡើងក្រោមប្រធានបទសូមកុំឱ្យភាពថ្លង់ កំណត់ព្រំដែនលោកអ្នក, ការស្តាប់ឮដើម្បីជីវិតដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងលើកកម្ពស់ ការថែទាំត្រចៀក និងការស្តាប់ឮ ព្រមទាំងការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្ដាប់ឮ ដែលនឹងជះឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវកាយ ផ្លូវចិត្ត ការអប់រំ និងឱកាសការងារសម្រាប់មនុស្សគ្រប់វ័យ នៅប្រទេសកម្ពុជា។

ដោយឡែក នៅឆ្នាំ២០២៣ នេះដែលជាទិវាការស្ដាប់ឮកម្ពុជា លើកទី៦ ប្រារព្ធឡើងក្រោមប្រធានបទ“ចូរថែទាំត្រចៀក និងការស្តាប់ឮដើម្បីទាំងអស់គ្នា” ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការបញ្ជ្រាបការថែទាំត្រចៀក និងការស្តាប់ឮ នៅក្នុងការថែទាំសុខភាពបឋម ដែលជាធាតុចាំបាច់នៃសុខភាពសកល។​បញ្ហាសុខភាពត្រចៀក និងការស្ដាប់ឮ គឺជាបញ្ហាសាមញ្ញបំផុតដែលតែងតែជួបប្រទះនៅតាមសហគមន៍ដោយច្រើនជាង ៦០ ភាគរយ ត្រូវបានកំនត់អត្តសញ្ញាណ និងបានធ្វើអន្តរាគមន៍ នៅកម្រិតការថែទាំបឋម។

លោកស្រី ជា សិរី មានប្រសាសន៍លើកឡើងថា យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ប្រជាជនច្រើនជាង ១,៥ ពាន់លាននាក់ ទទួលរងការបាត់បង់ការស្ដាប់ឮ ក្នុងចំណោមនោះ មាន ១នាក់ ក្នុងចំណោម ៣នាក់ ត្រូវការការថែទាំការស្តាប់ឮហើយចំនួន ៨០ ភាគរយ រស់នៅបណ្តាប្រទេសមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យម។

លោកស្រី សង្កត់ធ្ងន់ថា«នៅថ្ងៃនេះ បើយោងតាមទិន្នន័យអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រជាជនចំនួន ៤០១លាននាក់ ដែលរស់នៅក្នុងតំបន់ បានបាត់បង់ការស្ដាប់ឮ ហើយនៅត្រឹមឆ្នាំ២០៥០ នឹងមានប្រជាជន ចំនួន ៦៦៦ លាននាក់ប្រឈមនឹងការបាត់បង់ការស្តាប់ឮ ក្នុងចំណោមនោះ ជនមានពិការភាពបាត់បង់ការស្ដាប់ឮ ជិត ៨០ភាគរយ រស់នៅតាមបណ្តាប្រទេសមានប្រាក់ចំណូលលទាប និងប្រាក់ចំនូលមធ្យមហើយភាគច្រើនបំផុត មិនបានទទួលសេវាកម្មពិនិត្យ និងព្យាបាលឡើយ»។

បើតាមទិន្នន័យនៃអង្គការសុខភាពពិភពលោក បានបង្ហាញថាការបាត់បង់ការស្តាប់ឮកាន់តែកើនឡើង
ប្រទេសកម្ពុជា ត្រូវតែធ្វើសកម្មភាព ឥឡូវនេះ ដើម្បីផ្ដល់ការទទួលបានសេវាថែទាំត្រចៀក និងការស្ដាប់ឮ
សម្រាប់ទាំងអស់គ្នា ព្រមទាំង មានសកម្មភាពលើការថែទាំសមស្របជាទៀងទាត់ ដើម្បីធានាថា អ្នកជម្ងឺ
ត្រចៀក និងជនមានពិការភាពបាត់បង់ការស្ដាប់ឮ អាចសម្រេចបាននូវសក្តានុពលរបស់ខ្លួនបានពេញលេញ។

លោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថាការបាត់បង់ការស្ដាប់ឮ អាចវិវត្តទៅជាធ្ងន់ធ្ងរបាន និងនៅពេលបាត់បង់ការស្តាប់ឮហើយ វាមិនអាចជាសះស្បើយ បានស្តាប់ឮដូចធម្មតាវិញឡើយ។ ដូច្នេះ សូមចេះថែរក្សាត្រចៀក និងថែទាំការស្ដាប់ឮរបស់យើងឱ្យបានល្អប្រសើរ។

ដូចដែលយើងទាំងអស់គ្នា បានទទួលខិត្តប័ណ្ណផ្សព្វផ្សាយពីសុខភាពអនាម័យត្រចៀក និងការស្ដាប់ឮ បឋមយើងទាំងអស់គ្នា អាចយល់ដឹងពីរោគសញ្ញានៃជំងឺត្រចៀក, អាចជៀងវាង និងបង្ការការបាត់បង់ការស្ដាប់ឮបាន ក្នុងនាមជាបុគ្គល គឺកុំដាក់បញ្ចូលវត្ថុអ្វីមួយក្នុងត្រចៀក, សូមប្រើសម្ភារៈញាត់ត្រចៀក និងឧបករណ៍ការពារត្រចៀកពីសម្លេងឮខ្លាំងៗ និងនៅទីកន្លែងដែលមានសម្លេងអ៊ូអរ, ក្នុងករណីមានបញ្ហាណាមួយជាមួយត្រចៀក សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតភ្លាមៗ, សូមឆែកមើលថា តើថ្នាំនានាដែលលោកអ្នកពិសារអាចប៉ះពាល់ការស្តាប់ឮរបស់លោកអ្នកដែរឬទេ?, សូមធ្វើតេស្តការស្តាប់ឮ របស់លោកអ្នកជាប្រចាំ និងក្នុងនាមជាអ្នកគាំពារកុមារ សូមកុំដាក់បញ្ចូលអ្វីមួយក្នុងត្រចៀកកុមារ ដោយសារមូលហេតុណាមួយក៏ដោយ រួមទាំងដើម្បីសម្អាតត្រចៀកកុមារ។​, សូមបង្រៀនកុមារ កុំឱ្យដាក់វត្ថុអ្វីមួយក្នុងត្រចៀករបស់ពួកគេ សូមនាំកុមារទៅជួបវេជ្ជបណ្ឌិត នៅពេលកុមារស្រែកយំដោយសារឈឺ ឬដោយសារស្ទះរន្ធត្រចៀក ឬមានទឹកហូរចេញពីត្រចៀក។​, កុំអនុញ្ញាត្តិឱ្យកុមារហែលទឹក ក្នុងទឹកកខ្វក់, កុំទះ ឬវាយកុមារ, សូមការពារកុមារពីសម្លេងឮខ្លាំងៗ, សូមបង្រៀនកុមារឱ្យចេះស្តាប់ប្រកបដោយសុវត្ថិភាពពីឧបករណ៍សម្លេងផ្ទាល់ខ្លួន ព្រមទាំងក្នុងនាមជាអ្នកធ្វើការតាមសហគមន៍ ចូររៀនសូត្រអំពីការបាត់បង់ការស្តាប់ឮ និងចែករំលែកព័ត៌មានស្តីពីការថែទាំត្រចៀក និងការស្ដាប់ឮ, សូមដឹងពីទីកន្លែងផ្តល់សេវាកម្មថែទាំត្រចៀក និងណែនាំប្រជាពលរដ្ឋពីការទទួលបានសេវាកម្មថែទាំត្រចៀកនោះ, សូមបញ្ជូនប្រជាពលរដ្ឋដែលប្រាប់ថាឈឺត្រចៀក ឬមានទឹកហូរចេញពីត្រចៀក ទៅជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតបំផុត, សូមរៀនពីឧបករណ៍ជំនួយការស្ដាប់ឮ និងជួយប្រជាពលរដ្ឋដែលប្រើឧបករណ៍ជំនួយការស្ដាប់ឮឱ្យបានសមស្រប, សូមលើកទឹកចិត្តជនមានពិការភាពបាត់បង់ការស្ដាប់ឮ ឱ្យប្រើភាសាសញ្ញា និងរៀបចំជាក្រុមគាំទ្រពួកគាត់៕ អត្ថបទ៖សារេត