នាយករដ្ឋមន្រ្តី ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ពន្ធ ពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គិតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។

សម្ដេចធិបតីបានបន្តថា៖« ដើមឡើយ ប្រជាពលរដ្ឋភាគច្រើនមិនមានកម្មសិទ្ធិដីធ្លីនោះទេ ពួកគាត់មានត្រឹមតែសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលបានជំរុញកន្លងមកច្រើនហើយដែរ ពិសេសនៅឆ្នាំ២០១១ សម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លី»។

សម្ដេចធិបតី បានបន្តទៀតថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី បានដាក់ចេញគោលការណ៍យុទ្ធសាស្ត្រ ហើយសម្ដេចធិបតីក៏បានចារឯកភាពផ្ដល់គោលការណ៍រួចហើយដែរ។ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានណែនាំឱ្យប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី-ខេត្ត ដើម្បីបំពេញកិច្ចការចែកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋឱ្យបានលឿន កុំឱ្យកកស្ទះ ដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់ផងដែរ។

សូមរម្លឹកដែរថា កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់បានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានសម្រេច១០០ភាគរយ នៅឆ្នាំ២០២៣ ដោយមិនត្រូវពន្យារពេលទៀតឡើយ ដើម្បីជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង៕ អត្ថបទ៖ រង្សី