រដ្ឋាភិបាល គ្រោងយកដីមួយផ្នែកនៅតំបន់ស្តាតមរតកតេជោ សាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញ សិក្សានឹងពិនិត្យមើលដីមួយចំណែកនៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសាងសង់ជាអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីឱ្យបានឆាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ  និងលោក ហង់ ជួនណារ៉ុន ពិនិត្យសាងសង់អន្តេវាសិកដ្ឋានមួយកន្លែងទៀត សម្រាប់ផ្តល់ជូនសិស្សក្រីក្រមកពីបណ្តាខេត្ត ជាពិសេសសិស្ស និស្សិតជានារី និងសិស្សបរទេសផងដែរ។

សម្តេចតេជោ បានបញ្ជាថា៖«ខ្ញុំសូមឱ្យរាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលទីតាំងដីនៅម្តុំពហុកីឡដ្ឋានមរតកតេជោ ដើម្បីរៀបចំកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សមកពីបណ្តាខេត្តនានា ជាពិសេសសិស្សស្រីស្នាក់នៅ ដើម្បីសិក្សារៀនសូត្រឱ្យបានកាន់តែខ្ពស់ ហើយជាជំហានដំបូងខ្ញុំចង់បានអន្តេវាសិកដ្ឋានដែលផ្តើមឡើងដំបូង ចាប់ពី២០០- ៣០០គ្រែ និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត»។

គួរបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ និងមិនអាចមើលរំលងបាន ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍ។ ហេតុនេះ ការជំរុញឱ្យមានកន្លែងស្នាក់នៅរបស់សិស្សនិស្សិត ដើម្បីស្នាក់នៅរៀនសូត្រ គឺរឿងចាំបាច់ដើម្បីបង្កើនធនធានមនុស្សកម្ពុជា ពិសេសជំរុញកំណើនសិស្សស្រីនៅកម្រិតឧត្តមសិក្សា៕ អត្ថបទ៖ ពិសី