សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកសាងសមត្ថភាពកងទ័ពកម្ពុជា ទាមទារការធ្វើទំនើបកម្ម ៣ចំនុចធំៗ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ការធ្វើទំនើបកម្មទ័ពពិសេស គឺទាមទារត្រូវផ្ដោតខ្លាំងលើការធ្វើទំនើបកម្មចំនួន ៣ ចំនុចធំៗ ក្នុងនោះមាន៖ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ​ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា២០២៣)” កាលព្រឹកថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាលនីកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពជាពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា និងប្រព័ន្ធការពារកងទ័ពជើងទឹករបស់កម្ពុជាផងដែរ។

ក្នុងនោះសម្តេចធិបតី អះអាងថា៖«នៅក្នុងការពង្រឹងសមត្ថភាពកង់ទ័ព  ពិសេសការធ្វើទំនើបកម្មទ័ពពិសេស គឺយើងត្រូវផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មការហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា»។

ចំពោះ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ សម្តេចធិបតីថា៖« គឺយើងត្រូវពិនិត្យវាយតម្លៃជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់របស់កងទ័ពនាពេលបច្ចុប្បន្ន និងអនាគត ពិសេសយើងត្រូវយកចិត្តទុកដាក់ទៅលើទៅការគំរាមកំហែងនិងការប្រឈមពីសន្តិសុខបច្ចេកវិទ្យា ភាវកម្ម និងគ្រោះមហន្តរាយគ្រប់ប្រភេទជាដើម»។

ដោយឡែក ការធ្វើទំនើបកម្មការហ្វឹកហ្វឺនវិញ សម្តេចធិបតីបន្តថា គឺយើងត្រូវការពង្រឹងសាលា និងរៀបចំសាលាបណ្តុះបណ្តាលជំនាញកងទ័ពឱ្យកានគុណភាព យកចិត្តទុកដាក់លើគ្រូ ការបង្កើតនៅសាលាទ័ពជំនាញ ក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ហើយការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះ ត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។

ជាងនេះទៀត សម្តេចធិបតី បញ្ជាក់បន្ថែមថា ការពង្រឹងសមត្ថភពធនធានមនុស្ស គឺទាមទារឱ្យមានការការហ្វឹកហ្វឺនជារឿងសំខាន់ ខណៈសម្តេចធិបតី ក៏បានណែនាំឱ្យគ្រប់អង្គភាពពង្រឹងការហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្ស ដើម្បីបម្រើការងារការពារជាតិឱ្យមានប្រសិទ្ធភាព។

យ៉ាងណាមិញ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺជាការរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់ របស់យោធិនជំនាន់មុនរបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្ដី ក៏ឧទ្ទិសនូវសមិទ្ធផលដែលកម្ពុជា កំពុងទទួលបាននាពេលនេះ ដល់យោធិនដែលបានពលីទាំងអស់ ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជាផងដែរ៕