តម្លៃជ័រកៅស៊ូឆ្នាំនេះ មានភាពល្អប្រសើរបន្តិចបន្តួច ខណៈបរិមាណនាំចេញទៅកាន់ប្រទេសវៀតណាមមានការកើនឡើងជាងឆ្នាំមុន

សង្គម​និង​សេដ្ឋកិច្ច

តម្លៃជ័រកៅស៊ូឆ្នាំ២០២៣នេះ មានភាពល្អប្រសើរបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំ២០២២ រីឯបរិមាណនៃការនាំចេញទៅកាន់ប្រទេសវៀតណាមក៏មានការកើនឡើងផងដែរ។នេះបើតាមការលើកឡើងរបស់លោក ម៉េង ហ៊ាង ជាឈ្មួញនាំចេញជ័រកៅស៊ូទៅកាន់ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉េង ហ៊ាង ដែលជាឈ្មួញទិញជ័រកៅស៊ូពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាំចេញទៅកាន់ប្រទេសវៀតណាម បានឱ្យដឹងថា ទីផ្សារជ័រកៅស៊ូបង្កកឆ្នាំ២០២៣នេះ មានភាពល្អប្រសើរបន្តិចបន្តួចជាងឆ្នាំ២០២២ ប៉ុន្តែតម្លៃក៏វាអាស្រ័យទៅតាមប្រភេទជ័រនីមួយៗ ហើយតាមតំបន់ផងដែរ វាមិនអាចដូចគ្នានោះទេ។តួយ៉ាងចំពោះ ជ័របង្កកក៏មានតម្លៃផ្សេងគ្នាដែរ ពោលបើជ័រដែលបង្កកបានល្អ ហើយបង្កកក្នុងមួយយប់ មានតម្លៃចន្លោះពី ២០៥០រៀល ទៅ២១០០រៀល នៅក្នុងមួយគីឡូក្រាម។ចំណែកឯជ័រដែលបង្កកមិនសូវបានល្អ រួមផ្សំនឹងពូជកៅស៊ូរាងទាប តម្លៃអាចបានត្រឹមតែ២០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោក បន្តថា ជាប្រចាំថ្ងៃ លោកអាចនាំចេញទៅកាន់ប្រទេសវៀតណាម បានចន្លោះពី២០ ទៅ២៥តោនឯណោះ ដែលបរិមាណនេះបើធៀបនឹងឆ្នាំ២០២២ គឺមានការកើនឡើង ដោយសារទីផ្សារវៀតណាមគឺទទួលទិញរហូត មិនមានបញ្ហាទីផ្សារឡើយ។លោក បានបន្តទៀតថា បើធៀបនឹងឆ្នាំមុន តម្លៃជ័រកៅស៊ូបង្កកឆ្នាំនេះ ប្រសើរជាងឆ្នាំមុន អាចលើសតិចតួច ដោយសារកត្តា ផ្អែកលើទីផ្សារអន្តរជាតិ។កាលណាតម្លៃនៅក្រៅប្រទេសឡើង ក៏ធ្វើឱ្យតម្លៃក្នុងស្រុកក៏ឡើងតាមហ្នឹងដែរ ដោយឡែកបើតម្លៃក្រៅស្រុកធ្លាក់ចុះ នោះក្នុងស្រុកក៏ធ្លាក់ចុះដែរ។

បើតាមឈ្មួញនាំចេញជ័រកៅស៊ូរូបនេះ ទោះបីជាឆ្នាំនេះតម្លៃជ័រកៅស៊ូមានភាពល្អប្រសើរបន្តិចបន្តួចយ៉ាងណាក៏ដោយ ប៉ុន្តែក៏មានបញ្ហាអាកាសធាតុផងដែរ ពោលឆ្នាំនេះនៅមានភ្លៀងធ្លាក់ញឹកញាប់នៅឡើយ ដែលបណ្តាលឱ្យទឹកភ្លៀងលាយជាមួយជ័រច្រើន ដូច្នេះភាគរយនៃការបាត់គីឡូក៏ច្រើនផងដែរ។

សូមជម្រាបជូនផងដែរថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន៣២០ ៦១៩ ៣៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន១ ៣០៥ ៩៨១ដុល្លារ។រយៈពេល៩ខែឆ្នាំនេះដែរ ជ័រកៅស៊ូមានតម្លៃ ១ ៣២៣ដុល្លារ ក្នុង១តោន ថយចុះ១៩៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

គិតមកដល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។ដោយឡែក ចំពោះទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា៖ ប្រទេសម៉ាឡេស៊ី វៀតណាម ចិន ឥណ្ឌូណេស៊ី និងសហគមអឺរ៉ុប ជាដើម៕