ក.ប.ប. បង្ហាញស្នាដៃរុករកសាច់បង្កកឃើញជាបន្តបន្ទាប់ក្រោយរាជរដ្ឋាភិបាលដាក់ចេញវិធានការចំនួន៣

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនៅវិធានការសំខាន់ចំនួន៣ សំដៅទៅលើការរឹតបន្តឹងការនាំចូលសាច់បង្កក រួមនិងផលិតផលចំនួនផ្សេងទៀតកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣កន្លងមកនេះ គេសង្កេតឃើញ មន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានរុករកឃើញនៅសាច់បង្កកដែលមិនមានប្រភពច្បាស់លាស់ជាបន្តបន្ទាប់ដែលបាននាំចូលមកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពចុះត្រួតពិនិត្យផលិតផលនិង សាច់បង្កករបស់មន្ត្រីជំនាញនៅតាមស្ថាប័នពាក់ព័ន្ធដែលមានជាបន្តបន្ទាប់នេះ ត្រូវបានប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រៅពីសម្តែងការថ្លែងអំណរគុណ លោកចាត់ទុកការចុះត្រួតពិនិត្យតាមរយៈមន្ត្រីជំនាញពាក់ព័ន្ធគឺលោកពេញចិត្ត ហើយទទួលយកបាន។

លោក ស៊្រុន ពៅ បានឱ្យថា ក្នុងនាមជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងអំណរគុណដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វ ក៏ដូជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកបានចុះពិនិត្យនៅតាមទីតំាងរកឃើញសាច់បង្កក និងផលិផតលខូចគុណភាពនេះគឺមានពេញចិត្តនិងទទួលយកបាន ហើយសព្វថ្ងៃនេះលោកបាននិងកំពុងធ្វើការជាមួយក្រុម.ក.ប.ប.នេះបានពីរករណីផងដែរ។

លោកលើកឡើងថា«ផ្អែកលើសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី បានគិតគូដល់សុខភាពរបស់ប្រជាពលរដ្ឋនិងបានដាក់ចេញនៅវិធានការសំខាន់ចំនួន៣កន្លងមក ឃើញថាក្រសួងពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ ការចុះពិនិត្យគុណភាពផលិតផលដែលបាននាំចូលមកពីខាងក្រៅ បានជាបន្តបន្ទាប់»។

យោងតាម .ក.ប.ប. បង្ហាញថាមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

ទីតាំងទី១៖ បានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញ ផលិតផលសាច់គោ ក្របី និងគ្រឿងក្នុង បង្កក ៖១)-សាច់គោខូចគុណភាព ប្រមាណ១ ៥០០គីឡូក្រាម,២)- សាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ ចំនួន ១២,៦០០គីឡូក្រាមផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធីកិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល១សប្ហាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ចំពោះមន្ត្រីជំនាញ។

ទីតាំងទី២៖ មានកិច្ចសហការជាមួយអាជ្ញាធរដែនដី បានរកឃើញផលិតផល៖១)- សាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០ ៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា
២)- សាច់មាន់ បរិមាណ ១ ៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក។
ទន្ទឹមនឹងនោះ មន្រ្តីជំនាញបានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.។ យ៉ាងណាមិញ ដោយសារលក្ខណ្ឌរក្សាទុក នៅមានកម្រិត (-3) (-7) និង(-11)អង្សារ និងការដឹកជញ្ជូនពុំសមស្របតាមលក្ខណៈបច្ចេកទេស មន្រ្តីយើងបានធ្វើការអប់រំណែនាំឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍តាមបទប្បញ្ញត្តិជាធរមាន។

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកប៊ុន ចំរើន អគ្គយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរដែនដីធ្វើការកម្ទេចចោលទំនិញដែលជាស៊ុតមាន់ចំនួន ៨, ១៩០គីឡូក្រាមក្រោយរកឃើញថាស៊ុតមាន់ទាំងអស់នោះពុំមានអនុលោមភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ ពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។ ភាពមិនអនុលោមទាំងអស់នេះគឺពិតជាធ្វើឱ្យមានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ។

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។

ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ៕ អត្ថបទ៖ សារេត