លោកស្រី ជា សិរី និយាយប្រាប់អ្វីខ្លះដល់គណៈប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កូនស្រីលោក ជា ចាន់តូ អតីតទេសាភិបាលធនាគារជាតិ លោកស្រី ជា សិរី បច្ចុប្បន្នជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំដោយឯកអគ្គរដ្ឋទូតលោក W. Patrick Murphy កាលថ្ងៃពុធ ទី២៩ ខែវិច្ឋិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានពិភាក្សាជាមួយលោកស្រី ជា សិរី ជុំវិញស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងបញ្ហាប្រឈមនានា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជម្រាបជូនគណៈប្រតិភូស្ថានទូតពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងសកម្មភាពចូលរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល ជាដើម។

ក្នុងឱកាសនោះដែរ លោកស្រីក៏បានជម្រាបពីដំណើរការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់របស់ប្រទេសកម្ពុជា ដែលបានតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ ដូចជា VISA, Mastercard និង Alipay ជាដើម ដែលជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចរាចរណ៍ប្រាក់រៀល សមាហរណកម្មក្នុងតំបន់ និងជំរុញវិស័យទេសចរណ៍តាមរយៈប្រព័ន្ធទូទាត់ងាយស្រួល និងមានសុវត្ថិភាព។ ទន្ទឹមនឹងនេះ លោកស្រីទេសាភិបាល ក៏បានរំលេចពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា នៅតែបន្តលើកកម្ពស់ តាមរយៈគម្រោងដាក់បញ្ចូលមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះទូទៅ សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលនានា។

បន្ថែមទៀតនោះ លោកស្រី ជា សិរី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរួមចំណែកផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា តាមរយៈរតនាគារសហរដ្ឋអាមេរិក។ លោកស្រីក៏បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ឯកអគ្គរដ្ឋទូត លោក W. Patrick Murphy ទាក់ទងនឹងជំនួយបច្ចេកទេសបន្ថែមពីសហរដ្ឋអាមេរិកសម្រាប់ធនាគារជាតិនៃកម្ពុជាផងដែរ ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕