ខេត្តស្វាយរៀង នឹងមានស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ ក្រោមទុនជាង៦០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ខេត្តស្វាយរៀង នឹងមានស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមួយទៀត មានអនុភាព៦០មេហ្កាវ៉ាត់ ដែលវិនិយោគក្រោមទុនប្រមាណជាង៦០លានដុល្លារ។នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង។

CDC បានឱ្យដឹងទៀតថា ក្រុមហ៊ុនដែលវិនិយោគនោះមានឈ្មោះថា “SCHNEITEC VIBRANT CO., LTD” ដោយមានទីតាំងស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ ៣៥កន្លែងផងដែរ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍នៅក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ក្នុងស្រុកថ្មបាទ ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្ពុជាមានមោទនភាព ដោយបច្ចុប្បន្នកម្ពុជាមានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ ៦២ភាគរយ ហើយតាំងចិត្តសម្រេចឱ្យបាន ៧០ភាគរយនៅឆ្នាំ២០៣០ ខណៈប្រទេសក្នុងតំបន់មួយចំនួនមានប្រភពអគ្គិសនីកកើតឡើងវិញតិចតួចនៅឡើយ។ សម្តេចធិបតី បន្តថា កម្ពុជាសិក្សាអភិវឌ្ឍប្រព័ន្ធស្តុកថាមពលទុក ដើម្បីមានលទ្ធភាពបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដែលប្រែប្រួល និងឡើងចុះលឿនមិនទៀងទាត់ទៅតាមកត្តាធម្មជាតិ។ការអភិវឌ្ឍន៍ប្រព័ន្ធនេះ ក៏ដើម្បីជំរុញការធ្វើអព្យាក្រឹតភាពកាបូនក្នុងវិស័យថាមពលផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យមួយចំនួន រួមមាន នៅក្រុងបាវិត ខេត្តស្វាយរៀង ផ្តល់អនុភាព២០មេហ្គាវ៉ាត់, នៅខេត្តកំពង់ស្ពឺ មានអនុភាព៨០មេហ្គាវ៉ាត់, នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានអនុភាព៦០មេហ្គាវ៉ាត់, នៅខេត្តពោធិ៍សាត់ មានអនុភាព៣០មេហ្គាវ៉ាត់,  នៅខេត្តបាត់ដំបង មានអនុភាព៦០មេហ្គាវ៉ាត់ជាដើម៕