លោក យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជាមួយតំណាងអង្គការ Helen Keller អន្តរជាតិ ពិភាក្សាផ្តោតលើតួនាទីមន្ត្រីកសិកម្មឃុំ ក្នុងការជំរុញកសិកម្មគិតគូរពីអាហារូបត្ថម្ភនៅតាមសហគមន៍ និងការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយកម្ពុជា ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ លើវិធីសាស្ត្រកសិកម្មដល់កម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

កិច្ចពិភាក្សាខាងលើបានផ្តោតសំខាន់លើតួនាទីរបស់មន្ត្រីកសិកម្មឃុំ ក្នុងការជំរុញសកម្មភាពកសិកម្មដែលគិតគូរអំពីអាហារូបត្ថម្ភ នៅតាមសហគមន៍ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់អាហារដែលមានសារជាតិចិញ្ចឹមសម្បូរបែប សម្រាប់គាំទ្រសុខភាព និងសុខុមាលភាពប្រជាជន។

ទន្ទឹមនឹងនោះ អង្គការ Helen Keller អន្តរជាតិ បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជាមួយក្រសួង និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ តួនាទីមន្ត្រីកសិកម្មឃុំ លើវិធីសាស្ត្រកសិកម្មដែលគិតគូរពីអាហារូបត្ថម្ភ ដើម្បីឱ្យមន្ត្រីទាំងនេះអាចដឹកនាំ និងណែនាំកសិករនៅមូលដ្ឋាន អនុវត្តសកម្មភាពកសិកម្ម ដែលរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភសម្រាប់គ្រួសារ។

គួរឱ្យដឹងថា កិច្ចប្រជុំខាងលើក៏បានពិភាក្សាអំពី គម្រោង INAS ដែលមានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ តាមរយៈការធ្វើឲ្យមានការប្រទាក់ក្រឡាគ្នា និងការសម្របសម្រួលរវាងការធ្វើកសិកម្មជាមួយវិស័យអប់រំ និងសុខាភិបាល និងការគាំទ្រសហគមន៍កសិករ ដើម្បីជំរុញការផលិត និងការប្រើប្រាស់អាហារដែលមានសារជាតិចិញ្ចឹមខ្ពស់ និងការកែលម្អសុខភាពប្រជាជនកម្ពុជា៕

