កម្ពុជា-កូរ៉េ​ កំពុងពន្លឿនកិច្ចពិភាក្សាលើគម្រោងកសាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-កូរ៉េ​ កំពុងពន្លឿន កិច្ចពិភាក្សាលើគម្រោងកសាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធផល វឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តលើគម្រោងនេះឱ្យបានឆាប់។នេះបើយោងតាមកិច្ចប្រជុំ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមអ្នកជំនាញការនៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង បានឱ្យដឹងថា កិច្ចប្រជុំខាងលើ មានការចូលរួមពីសមាជិកគណៈកម្មការ ក្រុមអ្នកជំនាញការនៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ផងដែរ។

លោកបន្តថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល និងជាលទ្ធផល ភាគីកូរ៉េនឹងបន្តផ្តល់គម្រោងជំហានទី២ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ខាងមុខ ហើយចំពោះសេចក្តីព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ ភាគីកូរ៉េ នឹងមកឱ្យភាគីកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យផ្តល់ធាតុចូលបន្ថែម។

តាមរយៈកិច្ចប្រជុំពិភាក្សាខាងលើនេះផងដែរ ភាគីកូរ៉េ ក៏បានអះអាងថា នឹងបន្តផ្តល់នូវឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ដំឡើងសញ្ញាជំនួយនាវាចរណ៍ ព្រមនឹងវគ្គបណ្តុះបណ្តាលជំនាញទាំងនៅក្នុងប្រទេសកម្ពុជា និងការសិក្សាយកបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្រ្តីបច្ចេកទេសកម្ពុជាផងដែរ៕

 អត្ថបទ៖​ពិសី