ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនTotalEnergies បង្ហាញគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies បានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៥ ខែមករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពលអគ្គីសនីផងដែរ។

ក្នុងជំនួបនោះ លោកក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។ 

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ ដែលបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។

សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនីក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតីក៏បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល៕