សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអាចឱ្យសេដ្ឋកិច្ចពឹងផ្អែកតែលើវិស័យណាមួយបានទេ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាកិច្ចការសំខាន់ ពោលគឺយើងមិនអាចដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ បើបែកពងមាន់នោះយើងនឹងគ្មានអ្វីហូរ។ ដូច្នេះ នៅក្នុងសេដ្ឋកិច្ចជាតិដូចគ្នា យើងមិនអាចឱ្យសេដ្ឋកិច្ចពឹងលើវិស័យណាតែមួយបាននោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងក្នុងពិធីបិទជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេស​ចរណ៍» នៅខេត្តកែប នារាត្រីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាក់ស្តែងក្នុងពេលកម្ពុជាជួបជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេស​ចរណ៍ប៉ះពាល់យ៉ាងខ្លាំង គឺស្មើសូន្យតែម្តង។ ប៉ុន្តែក្នុងដំណាក់កាលនោះ មានវិស័យចំនួននៅតែដំណើរការ ដូចជាកសិកម្ម ឧស្សាហកម្ម ការចរាចរណ៍ទំនិញ ពាណិជ្ជកម្មជាដើម។ សម្តេចធិបតីបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣​នេះ សក្កា​នុពលនៃវិស័យទេសចរណ៍ចាប់កម្រើកឡើងវិញ ហើយក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានគិតគូរអាទិភាពម្រាប់វិស័យទេសចរណ៍ជាខ្លាំង។

បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី វិស័យទេសចរណ៍ត្រូវគិតនៅគ្រប់ទីកន្លែង ហើយមិនត្រូវគិតតែអ្នកទេសចរក្រៅ​ប្រទេសនោះទេ ត្រូវគិតពីអ្នកទេសចរក្នុងប្រទេសផងដែរ។ ផលិតផលវិស័យទេសចរណ៍ខុសពីវិស័យដទៃ ពោលផលិតផលវិស័យទេសចរណ៍ ផលិតក្នុងស្រុក ប្រើប្រាស់នៅក្នុងស្រុក។ សម្តេចបានគូសបញ្ជាក់ទៀតថា កំណើននៃវិស័យ​ទេសចរណ៍ អាចប្រែក្លាយវិស័យទាំងអស់ឱ្យមានសក្ដានុពល៕

អត្ថបទ៖ អក្ខរា