ណូវែលហ្សឺឡង់ ផ្តល់ថវិការបន្ថែម ៣,១លានដុល្លារបន្តគម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន២

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តន៍គម្រោងបោសសម្អាតមីននៅក្នុងខេត្តចំនួន២ របស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ជាមួយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយលោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្របសម្រួលដោយអង្គការ UNDP។ តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ជុំវិញជំនួយនេះដែរ លោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា ខណៈលោកបានកោតសរសើរកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។ 

លោកបន្តថា៖« ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥»។

នាឱកាសនោះ លោក លី ធុជ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសណូវែលហ្សឺឡង់ ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

គូសបញ្ជាក់ដែរថា កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ ធ្លាប់បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីននៅកម្ពុជា ដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨លានដុល្លារអាមេរិក៕