អ្នកឧកញ៉ា ឧកញ៉ាប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមវេទិកាជំរុញវិនិយោគនិងពាណិជ្ជកម្មនៅវៀតណាម

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លុវការនៅវៀតណាម ដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានសភាពាណិជ្ជកម្មកម្ពុជា​ បានឱ្យដឹងថា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតី ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ដែរថា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមវេទិកាជំរុញវិនិយោគនិងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២៣ ដែលប្រព្រឹត្តទៅក្នុងគោលបំណងជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច។ក្រៅពីនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏នឹងចុះអនុស្ស-រណៈយោគយល់ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ដែលប្រព្រឹត្តទៅក្រោមអធិបតីរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជា និង នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា​ បានសង្កត់ធ្ងន់ទៀតថា ដោយផ្អែកតាមខ្លឹមសារនៃអនុស្សរណៈយោគយល់ខាងលើនេះ សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏នឹងបន្តជួយជំរុញនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាថែមទៀត។

សូមបញ្ជាក់ដែរថា ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅវៀតណាម រយៈពេល ២ថ្ងៃនេះ សម្តេចធិបតី ក៏នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងហាណូយ។

តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង រវាងកម្ពុជា និងដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ ៕ អត្ថបទ៖ រង្សី