ក្រុមហ៊ុន CP នឹងប្រមូលទិញដំឡូងមីខ្មែរប្រមាណ១៥ម៉ឺនតោន ក្នុងមួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន ស៊ីភី កម្ពុជា (C.P. Cambodia)ដែលក្រុមហ៊ុននាំមុខធំមួយក្នុងចំណោមក្រុមហ៊ុនធំៗលើវិស័យផលិតកម្មសត្វនៅកម្ពុជា កាលពីថ្ងៃទី១៣ ធ្នូ បានចុះអនុស្សរណៈយោគយល់(MOU) ប្រមូលទិញដំឡូងមីពីកម្ពុជាប្រមាណ១៥ម៉ឺនតោន ក្នុងមួយឆ្នាំៗសម្រាប់ផលិតចំណីសត្វ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីចុះMOU នេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នេះគឺជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់កសិផលនៅលើទីផ្សារ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ ហើយការចុះ MOUនេះនឹងអនុញ្ញាតឱ្យមានការប្រមូលទិញដំឡូងមីប្រមាណ ១៥ ម៉ឺនតោន ក្នុងមួយឆ្នាំៗផងដែរ។

ពាក់ព័ន្ធនឹងការប្រមូលទិញដំឡូងមីពីកម្ពុជារបស់ក្រុមហ៊ុន CP នេះ បើតាមលោក ឈៀង សុខវណ្ណនី អនុប្រធានសមាគមកសិករដំឡូងមីខ្មែរ បានលើកឡើងថា នេះគឺជាដំណឹងល្អសម្រាប់សមាគមកសិករដំឡូងមីខ្មែរ ក៏ដូចជាប្រជាកសិករទូទៅមានការសប្បាយចិត្ត ដែលក្រសួងពាណិជ្ជកម្មធ្វើការចុះអនុស្សរណៈជាមួយនិងក្រុមហ៊ុន CP នាំដំឡូងទៅក្រៅ។ហើយក្រសួងអាចនឹងស្វែងរកវិនិយោគទុនខាងក្រៅបន្ថែមទៀតដើម្បីមកបណ្តាក់ទុន ក៏ដូចមកវិនិយោគទុននាំដំឡូងទៅក្រៅបន្ថែមទៀតផងដែរ។

លោកបន្តថា ការចុះអនុស្សរណៈ ការវិនិយោគទាំងអស់នេះហើយដែលធ្វើឱ្យតម្លៃដំឡូងមីរបស់កសិករមានការកើនឡើង កសិករអាចរកប្រាក់ចំណូលគួរសមដើម្បីដោះស្រាយជីវភាព បើសិនមិនមានការនាំចេញទៅក្រៅទេដំឡូងមីខ្មែរនឹងអាចឡើងចុះស្រេចតែចិត្តជាពិសេសឈ្មួញកណ្តាល បើសិនជាមានក្រសួងលូកដៃធ្វើឱ្យកសិករយើងមានការរីកចម្រើន មានជីវភាពសមរម្យ ដោយសារគាត់អាចដោះស្រាយបំណុលបាន គាត់អាចដាំដំឡូងមីទៅលក់បានក្នុងតម្លៃសមរម្យ។

បើតាមអនុប្រធានសមាគមរូបនេះ កន្លងមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងតែងតែខំប្រឹងប្រែងរកនាយទុន ក៏ដូចជាអ្នកវិនិយោគទុនជាពិសេសក្រុមហ៊ុនធំៗដែលអាចនាំដំឡូងមីទៅក្រៅដូចជាក្រុមហ៊ុន CP ជាដើម ហើយក្រុមហ៊ុនចិនមួយចំនួនក៏កំពុងតែរៀបចំ MOU ធ្វើយ៉ាងណានាំដំឡូងមីខ្មែរទៅលើទីផ្សារអន្តរជាតិឱ្យបានច្រើន។បើសិនមានការនាំទៅក្រៅកាន់តែច្រើនគឺកាន់តែល្អ ដូចនៅឆ្នាំនេះដំឡូងមីមានតម្លៃគួរសម ក្នុងនោះដំឡូងមីក្រៀមល្អមានតម្លៃ៩០០រៀលក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ធ្នូ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន CP បានចុះMOU ចំនួន៣រួមគ្នា រួមមាន ការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក, ការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ, និងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់។ការចុះMOU ទាំង៣នេះ នឹងអនុញ្ញាតឱ្យមានការប្រមូលទិញដំឡូងមីប្រមាណ ១៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ពោតក្រហមប្រមាណ ២៥ ម៉ឺនតោន ស្រូវ ២ ម៉ឺនតោន កន្ទក់ ៥ម៉ឺនតោន និងកញ្ចុងអង្ករប្រមាណ ១ម៉ឺនតោន ក្នុងមួយឆ្នាំៗផងដែរ៕