ទំហំពាណិជ្ជកម្មកម្ពុជា និងRCEP សម្រេចបានជាង ២៦ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រមាណជាង២៦ពាន់លានដុល្លារ កើនឡើង ២៧.២៩%។នេះបើតាមលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារពាណិជ្ជកម្ម ឆ្នាំ២០២៤របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា  ទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ សម្រេចបានជាង ៤៣ពាន់លានដុល្លារ ដោយការនាំចេញមានចំនួន២១ពាន់លានដុល្លារ កើនឡើង ៤.០៨%។

ក្នុងនោះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រមាណ ២៦.៥៧ ពាន់លានដុល្លារ ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារ គឺកើនឡើង ២៧.២៩%។

លោកស្រី បានបន្តថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅឆ្នាំ២០១២ នៅភ្នំពេញ។ 

គួរឱ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ៤៣ ៥១៥,៨៦លានដុល្លារ ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារ កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញ រយៈពេល១១ខែ ឆ្នាំ២០២២៕