គ្រប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស សម្តេចធិបតីតែងយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គ្រប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស សម្តេចធិបតីតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ ​សម្តេចធិបតី មានប្រសាសន៍ថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅក្រៅប្រទេស គឺសម្ដេចធិបតីតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ឬការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេស និងវិនិយោគិនកម្ពុជាជាដើម។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានប្រាប់ដល់រដ្ឋមន្ត្រីទាំងអស់ ដែលអមដំណើរសម្តេចធិបតីទៅក្រៅប្រទេស កុំទៅអង្គុយតែអមពីក្រោយ គឺត្រូវតែឆ្លៀតយកឱកាសនោះ ដើម្បីជួបផ្ទាល់ ធ្វើការផ្ទាល់ជាដៃគូអន្តរជាតិទាំងនោះជាមុន ដែលចាត់ទុកថាជាការដើរគោះទ្វារ ដើម្បីទាញលំហូរពាណិជ្ជកម្មផងដែរ។

លើសពីនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗ នៅលើពិភពលោក៕