រយៈពេលមួយឆ្នាំ២០២៣ រដ្ឋបានអនុម័តគម្រោងវិនិយោគប្រមាណ ២៦៨គម្រោង ក្រោមទុនជិត៤,៩ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគប្រមាណ ២៦៨ក្នុងនោះគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ក្រោមទុនវិនិយោគជិត៤,៩ពាន់លានដុល្លារ។នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ CDC បានបង្ហាញថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋ- កិច្ចពិសេស។គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង។

បើតាម CDC ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានគូសបញ្ជាក់ថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និង ក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប។ប្រសិនបើពិនិត្យមើលរបាយគម្រោងវិនិយោគក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើនមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀតបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕