លោក ភត់ សុផាន់បូរី៖ កសិករគួរបញ្ឈប់ទម្លាប់កាប់ដំណាំចោលតាមគ្នា បើគ្មានមូលដ្ឋានទីផ្សារច្បាស់លាស់

សង្គម​និង​សេដ្ឋកិច្ច

លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ហ្វ្រ៊តប្រូដាក់សិន ភីអែហ្វភីដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិន យល់ឃើញថា កសិករគួរតែបញ្ឈប់ទម្លាប់កាប់ដំណំាចោលតាមគ្នា កាប់ដំណាំចាស់ ជំនួសដោយដាំដំណាំថ្មីដោយគ្មានមូលដ្ឋានច្បាស់លាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ភត់ សុផាន់បូរី

លោក ភត់ សុផាន់បូរី មើលឃើញថា ១០ឆ្នាំកន្លងទៅ កសិករនៅប្រកបអាជីវកម្មកាប់ដាំ ដូចជា កាប់មៀនដាំស្វាយ កាប់ស្វាយដាំដំឡូង កាប់ចន្ទីដាំទុរេន កាប់កៅស៊ូដាំទុរេន ទាំងនេះសុទ្ធតែជាទម្លាប់មិនល្អនោះទេ ។ កសិករគួរពិនិត្យឡើងវិញ មើលលើទំហំដី និងចង់ដាំអ្វីឱ្យប្រាកដ ប្រសិនបើតម្រូវការទីផ្សារប្រភេទដំណាំណាដែលយើងអាចលក់បាន សឹមដាំ កុំឱ្យកំពុងដាំដំណាំមួយនេះសុខៗ កាប់ចោលរត់ទៅទិញកូនដំណាំថ្មីយកមកដាំ អ៊ីចឹងមិនមែនជារឿងល្អទេសម្រាប់កសិករប្រកបរបរដាំដំណាំលក់នោះ។ ម្យ៉ាងកសិករដែលធ្វើអាជីវកម្មកសិផល មិនគួរដាំអ្វីដែលយើងខ្លួនឯងគ្មានមូលដ្ឋានច្បាស់លាស់ មិនបានសិក្សារទៅលើប្រភេទដី លើអាកាសធាតុ និងបច្ចេកទេសផ្សេងៗមួយចំនួនទៀតនោះទេ។

លោក អួន ស៊ីឡុត

ពាក់ព័ន្ធនឹងបញ្ហានេះលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឧកញ៉ាញូស៍ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ កសិករដែលដាំដុះស្វាយចន្ទី នៅខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម បានកាប់ដើមចន្ទីរបស់ខ្លួនចោលព្រោះបញ្ហាអាកាសធាតុ ហើយងាកមកដាំដំឡូងមីវិញ ព្រោះស្រួលលក់ និងងាយបង្វិលទុនមកវិញ។

ប្រធានសមាគមស្វាយចន្ទីបានបន្តថា ប៉ុន្ដែបច្ចុប្បន្នកសិករដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល៤ម៉ឺនហិចតាបានងាកមកដាំដើមចន្ទីឡើងវិញនៅលើដីចាស់ដដែល ចំណែកឯដំណាំដំឡូងមី កសិករបានដាំចន្លោះរងចន្ទីតូចៗរបស់ខ្លួន។

លោក ភត់ សុផាន់បូរី លើកឡើងថាបញ្ហាប្រឈមរបស់សិប្បករក៏ដូចជាកសិករ មានដូចជាអគ្គីសនីមានតម្លៃខ្ពស់នៅឡើយ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដឹកជញ្ជូននៅមានភាពលំបាក ព្រមទាំងខ្វះទុកក្នុងដំណើរអាជីវកម្ម។ លោកក៏ស្នើដល់កសិករគួរតែចងក្រងគ្នាជាសហគមន៍ដើម្បីស្រួលធ្វើការ ហើយកុំមានអារម្មណ៍ថាចូលសហគមន៍នឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍ ពេលចូលជាសហគមន៍យើងនឹងស្នើសុំដល់មន្រ្តីកសិកម្មមើលឃើញថាយើងជាកូនជាចៅ នៅពេលដែលមានបញ្ហាអ្វីលោកនឹងជួយដោះស្រាយ៕

អត្ថបទ៖ សុកធា