ទូតថៃ៖ លោក សេដ្ឋា ថាវីសុីន ទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រុងបាងកក

សង្គម​និង​សេដ្ឋកិច្ច

នាក់ទំនងទ្វេភាគីកម្ពុជា និងថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការគូបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ លោក ឆឺតកៀត អាត់ថាកន បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និង ជិតស្និទ្ធបន្ថែមទៀត ។ ទនឹ្ទមនឹងនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូននាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីសុីន ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

លើសពីនេះ លោក ឆឺតកៀត អាត់ថាកន បានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ថៃ នាពេលខាងមុខនេះ។ 

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត។ សម្តេចធិបតី ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម៕