ក្រុមហ៊ុនឥណ្ឌូនេស៊ី មើលឃើញឱកាសវិនិយោគលើវិស័យធំៗពីរនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីគោលបំណងវិនិយោគលើវិស័យធំៗចំនួនពីរនៅកម្ពុជា រួមមានវិស័យសុខាភិបាល និងវិស័យអចនទ្រព្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ លោក  John Riady បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។

ក្នុងន័យនេះ លោកក៏បង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល ដែលផ្ដោតលើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងវិស័យអចលនទ្រព្យដែលផ្តោតលើការអភិវឌ្ឍន៍លំនៅឋានមានតម្លៃទាបនៅកម្ពុជា។ 

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថាផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និងឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគក្នុងប្រទេសកម្ពុជា។

លើសពីនោះ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។

ទន្ទឹមនឹងនោះ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ៕