លោក ហែម វណ្ណឌី៖ ក្នុងអាណត្តិថ្មីនេះ កម្ពុជាមានគោលដៅនាំចូលផលិតផលពាក់កណ្ដាលសម្រេចពីបរទេសកាន់តែតិច និងខិតខំកែច្នៃផលិតផលក្នុងស្រុកកាន់តែច្រើន

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងអាណត្តិថ្មីនេះ កម្ពុជានឹងជំរុញបន្ថែម លើការបង្កើនផលិតកម្ម និងការបង្កើនផលិតភាព ដោយមានគោលដៅនាំចូលផលិតផលពាក់កណ្ដាលសម្រេចពីបរទេសកាន់តែតិច និងខិតខំកែច្នៃផលិតផលក្នុងស្រុកកាន់តែច្រើន។ នេះបើតាមការឱ្យដឹងពីលោក ហែម វណ្ណឌី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅក្នុង វេទិកាពិភាក្សា រវាងបណ្ដាញសារព័ត៌មាននៅកម្ពុជា​ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ រៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា លោក ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​  មានប្រសាសន៍ថា «អ្វីដែលក្រសួងនឹងខិតខំជំរុញបន្ថែមនៅក្នុងអាណត្តិនេះ គឺការបង្កើនផលិតកម្ម និងការបង្កើនផលិតភាព មានន័យថា ចង់ឱ្យពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម ផលិតផលពាក់កណ្ដាលសម្រេចពីបរទេសកាន់តែតិច ហើយមានសមត្ថភាពផលិតវត្ថុធាតុដើម ព្រមទាំងផលិតផលពាក់កណ្ដាលសម្រេចកាន់តែច្រើនដោយខ្លួនឯង ប្រកបដោយយគុណភាពខ្ពស់ ហើយប្រសិនយើងអាចធ្វើទៅបាន ទៅថ្ងៃខាងមុខយើងអាចទាក់ទាញរោងចក្រឧស្សាហកម្មធំៗមកបាន »។

លោកគូសបញ្ជាក់ថា សម្រាប់ឧស្សាហកម្មធំៗ នៅពេលដែលគេសម្រេចចិត្តមក គេប្រាកដជាមិនចង់ធ្វើតែខ្លួនឯងនោះទេ គឺចាំបាច់ពឹងផ្អែកលើ SME តូចៗ ឧស្សាហកម្មតូចៗនៅក្នុងស្រុក ដើម្បីជួយផ្គត់ផ្គង់។ដូច្នោះនៅក្នុងអាណត្តិថ្មី ក្រសួងឧស្សាហកម្មនឹងទាក់ទាញរោងចក្រធំៗពីក្រៅមកក្នុងស្រុក ហើយក៏ពង្រឹងឧស្សាហកម្មនៅក្នុងស្រុកឱ្យមានសមត្ថភាពឡើងជាងមុន។ យើងមានឧស្សាហកម្មជាច្រើន ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលជាការកែច្នៃផលិតផលដ៏មានសក្ដានុពល។ ហើយក្រសួងឧស្សាហកម្មក៏បានធ្វើការយ៉ាងជិតស្និត ពិភាក្សាជាមួយក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងណាឱ្យអ្នកដាំ អ្នកកែច្នែ និងអ្នកលក់ ផ្សារភ្ជាប់គ្នាដើម្បីឈានទៅសម្រេចបាន ការធ្វើឧស្សាហូបនីយកម្មរបស់កម្ពុជា៕