កសិផលស្វាយចន្ទីកម្ពុជា ទទួលបានចំណាប់ថ្នាក់លំដាប់ទី៣ នៅក្នុងពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

កសិផលស្វាយចន្ទីរបស់ប្រទេសកម្ពុជា ទទួលបានចំណាប់ថ្នាក់លំដាប់ទី៣នៅក្នុងពិភពលោក ពីអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO)។ នេះបើតាមការឱ្យដឹងពី សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលបានចំណាប់ថ្នាក់លំដាប់ថ្នាក់ទី៣របស់កសិផលស្វាយចន្ទីកម្ពុជា នេះបានប្រកាសឡើងក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ដែលរៀបចំឡើងសហព័ន្ធស្វាយចន្ទីកម្ពុជា សហការជាមួយក្រុមហ៊ុន Eventell Global Advisory ក្រោមកិច្ចសម្របសម្រួលដោយក្រសួងពាណិជ្ជកម្មកម្ពុជា មានរយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

លោកស្រី ចម និម្មល

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក។

សូមជម្រាបជូនថា ដោយមើលឃើញពីសក្ដានុពលស្វាយចន្ទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី រួមមាន ការពង្រឹងនិងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹងទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជំរុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។

បន្ថែមពីនោះ ក៏បានដាក់ចេញនូវវិធានការមុតស្រួចជាកញ្ចប់ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាប្រឈម និងកង្វល់ពាក់ព័ន្ធនឹងវិស័យឯកជន និងធុរជន  ពាក់ព័ន្ធដោយផ្ទាល់លើវិស័យកសិកម្ម និងស្វាយចន្ទី ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ ២ឆ្នាំថែមទៀតចំពោះសហគ្រាសកែច្នៃផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ មានដូចជា ស្រូវ អង្ករ ពោត សណ្តែក ដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច និងជ័រកៅស៊ូ និងបន្តលើកលែងប្រាក់រំដោះពន្ធដារលើប្រាក់ចំណូលចំពោះសហគ្រាស ដាំដុះ ផលិត និងផ្គត់ផ្គង់ ឬនាំចេញផលិតផលកសិកម្ម បូករួមទាំងគ្រាប់ស្វាយចន្ទី រយ:ពេល ២ឆ្នាំ (២០២៤-២០២៥)។

លើសពីនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានផ្សេងទៀត ដែលពាក់ព័ន្ធដោយប្រយោល រួមមានផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ការអនុគ្រោះពន្ធដារ បញ្ចុះថ្លៃអគ្គីសនី ជូនអតិថិជនកសិកម្ម និងឧស្សាហកម្ម ការដឹកជញ្ជូន និងការសម្រួលជាច្រើនផ្សេងទៀត។ ចំពោះតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍវិស័យស្វាយចន្ទី រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការ ក្នុងការផ្តល់ប្រភពហិរញ្ញប្បទាន តាមរយ: ធនាគារ ARDB នូវឥណទាន ប្រមាណ៣៥ លានដុល្លាអាមេរិក សម្រាប់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងទុនត្រៀមបម្រុងប្រមាណ៣០ លានដុល្លាអាមេរិកទៀត សម្រាប់រដូវប្រមូលផល ក្នុងឆ្នាំ២០២៤នេះ ៕