សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្រ្តីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រសិនបើរកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខ័ណ្ឌ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មន្រ្ដីរាជការគ្រប់ប្រភេទ និងកងកម្លាំងប្រដាប់អាវុធ បើរកឃើញមានពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះថា សម្តេចធិបតីទើបតែចុះហត្ថលេខាលើបទបញ្ជាមួយ ដោយមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។សម្តេចធិបតីបន្តថា ការធ្វើបែបនេះដើម្បីពង្រឹងវិន័យក្នុងការអនុវត្ត មន្រ្តីរាជការទាំងកងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិលគឺត្រូវមានក្របខណ្ឌវិន័យ ក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតាព្រោះយើងជាគម្រូគេ អីចឹងដើម្បីដាក់ការអនុវត្តយើងត្រូវអនុវត្តសម្អាតផ្ទះយើងសិន ដោយគ្មានការអនុគ្រោះក្នុងជួររដ្ឋាភិបាលនោះទេក្នុងការប្រើប្រាស់គ្រឿងញៀននេះ។

សម្តេចធិបតីបន្តទៀតថា ការអនុវត្តនេះមិនមានការទុកឱកាសលើកទី២នោះទេ ដោយសម្តេចធិបតីលើកឧទាហរណ៍ថា«បើកាប់បន្លា គឺកាប់ឱ្យដាច់ បើកាប់មិនដាច់ នោះនឹងមុតជើងវិញមិនខាន»។ហើយសម្តេចធិបតីជឿថា មន្រ្តីរាជការបើមិនបានប្រើប្រាស់គ្រឿងញៀនគឺមិនដាច់ពោះស្លាប់ទេ។ហើយនេះក៏ជាវិធីសាស្រ្តមួយដែរដែលជាវិធីសាស្រ្តសម្អាតចកនៅក្នុងបឹងផងដែរ។

សូមជម្រាបជូនថា បទបញ្ជាស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មាន៣ចំណុចធំៗ៖១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ និង៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕