ក្រសួងពាណិជ្ជកម្ម ចុះ MoU ជាមួយក្រុមហ៊ុនចំនួន៥ ប្រមូលទិញបន្លែពីកសិករប្រមាណ ៣ម៉ឺនតោនក្នុងមួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនចំនួន៥ ចាប់ដៃគ្នាជំរុញការប្រមូលទិញផលិតផលបន្លែក្នុងប្រមាណ ៣ម៉ឺនតោនក្នុងមួយឆ្នាំ ដែលកើតឡើងចេញពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចរវាងក្រសួង និងវិស័យឯកជន នាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែទាំង ៥ រួមមាន៖ ១). ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS) ២). ខេម អេហ្គ្រី ឡាឡា (CAM AGRI LALA) ៣). ផ្សារកូនកាំបិត ៤). ផ្សារខ្មែរ បន្លែធម្មជាតិ ៥). ផ្សារស្នាដៃម៉ែ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាកសិករខ្មែរយើង នឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរិ៍តឈ្មោះផលិតផលផលិតក្នុងស្រុក ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្មស្របតាមនិន្នាការគុណភាពនៅលើទីផ្សារ ដែលអាចទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន និងឧត្តមប្រយោជន៍ប្រកួតប្រជែង ដែលមានតម្លៃបន្ថែមខ្ពស់។

ជាមួយគ្នានេះ លោកស្រីរំពឹងថាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញបន្លែនេះ នឹងជំរុញបន្ថែមនូវការធ្វើបរមភាវូបនីយកម្ម ការធ្វើទីផ្សារបន្លែនៅកម្ពុជា ដែលជាយន្តការមួយដ៏សំខាន់នៃគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីពង្រឹងបុរេលក្ខខណ្ឌចាំបាច់នានា ក្នុងទិសដៅទ្រទ្រង់នូវគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព។

លោកស្រីគូសបញ្ជាក់ថា “ការប្រមូលទិញបន្លែរបស់សហគ្រាសទាំង៥ គឺស្មើនឹងប្រមាណ ២៤% នៃបរិមាណលក់ជាក់ស្តែងរបស់កសិករក្រោមគម្រោង AIMS ជាមធ្យមក្នុងមួយឆ្នាំ។ ការណ៍នេះមានន័យថា កសិករក្រោមគម្រោង AIMS នឹងអាចបង្កើនការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួនរហូតដល់ជាង ៣ម៉ឺនតោន ជាមធ្យម ក្នុងមួយឆ្នាំ”។

បន្ថែមទៀតនោះ លោកស្រីរដ្ឋមន្ត្រីបានបង្ហាញក្តីរំពឹងថា “ការចុះអនុស្សរណៈនេះ នឹងក្លាយជាគន្លឹះនាំមុខដ៏ចម្បងមួយក្នុងការបង្កើតកាលានុវត្តភាព សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ដែលអាចលើកស្ទួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍របស់គម្រោង AIMS ក្នុងការបង្កើនវិបុលភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច ដោយអនុវត្តគោលការណ៍អភិក្រមនៃការបង្កើតយន្តការបញ្ជ្រាបផលិតផលបន្លែក្នុងស្រុក ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ព្រមទាំងប្រកបដោយអាហារូបត្ថម្ភ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់អ្នកប្រើប្រាស់”៕