លោកស្រី ហ៊ាង អូមួយ៖ ជាសហគ្រិនត្រូវឆ្លងកាត់ការលំបាកជាច្រើនដែលទាមទារឱ្យមានការតស៊ូពុះពារ

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជានាយកប្រតិបត្ដិក្រុមហ៊ុនADITI យល់ឃើញថា ក្នុងនាមជាសហគ្រិន ត្រូវឆ្លងកាត់ការលំបាកជាច្រើន ដែលទាមទារឱ្យមានការតស៊ូ ពុះពារ ទើបទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាស«កម្មវិធីសេដ្ឋី និងជំនួញ» ពេលថ្មីៗនេះ សហគ្រិនវ័យក្មេងលើវិស័យឌីជីថល លោកស្រី ហ៊ាង អូមួយ បានចែក រំលែកបទពិសោធន៍ភាពជាសហគ្រិន ដល់សហគ្រិនទាំងអស់នៅក្នុងស្រុក ដែលចូលប្រឡូកធ្វើអាជីវកម្មថា ក្នុងនាមជា សហគ្រិនមួយរូបគឺត្រូវឆ្លងកាត់រឿងលំបាកជាច្រើនណាស់ ព្រោះថាមានបញ្ហាជាច្រើនត្រូវដោះស្រាយ។

លោកស្រីពន្យល់ថា កាលពីមិនទាន់បោះជំហានចូលប្រឡូកក្នុងវិស័យជំនួញ យើងធ្លាប់គិតតែពីសេដ្ឋកិច្ចរបស់ខ្លួនឯង និងសេដ្ឋកិច្ចគ្រួសារ ប៉ុន្ដែជាសហគ្រិនគឺត្រូវគិតសេដ្ឋកិច្ចអ្នកគ្រប់គ្នាដែលធ្វើការជាមួយ អ្នកពាក់ព័ន្ធជាមួយយើងទាំងអស់ ហើយត្រូវសួរខ្លួនឯងជារើយៗថា តើយើងអាចរ៉ាប់រងបានឬអត់? ប្រសិនបើប្អូនជាអ្នកដោះស្រាយបញ្ហា ហើយប្អូនគិតថា ប្អូននឹងអាចនៅតែដើរទៅមុខបាន ដោយផ្ដោតលើគុណតម្លៃ ទោះបីជាមានរឿងអ្វីក៏ដោយក៏មិនបោះបង់ ប្អូនត្រូវសាកល្បងធ្វើទៅ។

លោកស្រីបន្ថែមថា ប្រសិនបើប្អូនមានចិត្តចង់ក្លាយជាសហគ្រិនហើយ ប៉ុន្ដែខ្វះបទពិសោធន៍ នៅមានរឿងជាច្រើនត្រូវស្វែងយល់ ប្អូនគួរទុកពេលឱ្យខ្លួនរៀនសូត្រសិន ព្រោះថាការចាប់ផ្ដើមធ្វើអាជីវកម្មពេលណាក៏បានដែរ។ ហើយបើទោះបីជាពេលនេះប្អូននៅធ្វើការឱ្យគេក្នុងស្ថាប័នណាមួយ ប្អូនត្រូវខិតខំនិងមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន ព្រោះថាសហគ្រិនក៏ដោយ បុគ្គលិកក៏ដោយ គឺទាមទារឱ្យមានទំនួលខុសត្រូវ មនុស្សកើតមកផ្សេងៗគ្នា មានសមត្ថភាពផ្សេងគ្នា មានទំនួលខុសត្រូវផ្សេងគ្នា មានភាពប៉ិនប្រសប់ផ្សេងគ្នាអត់អាចអ្នកទាំងអស់គ្នាក្លាយជាអ្នកដឹកនាំកំពូលនៅស្ថាប័នបានទេ។

ក្នុងនាមជាសហគ្រិនដែលប្រឡូកក្នុងវិស័យឌីជីថលជាច្រើនឆ្នាំ លោកស្រី ហ៊ាង អូមួយ ផ្ដាំថាជា CEO សំខាន់ត្រូវ មាន បេះដូងជាសហគ្រិន បេះដូងជាអ្នកដឹកនាំ បេះដូងជាអ្នកដោះស្រាយបញ្ហា បេះដូងហ៊ានពលី លះបង់ ពុះពារជាមួយកិច្ចការងារ ដែលកំពុងតែធ្វើ ទោះបីជាធ្វើការនៅកន្លែងណា ទីណា សំខាន់ឱ្យតែធ្វើវាបានល្អ គុណតម្លៃគឺមានដូចៗគ្នា។

សូមជម្រាបជូនថា លោកស្រី ហ៊ាង អូមួយ ជាសហគ្រិនមួយរូបធ្វើការលើវិស័យឌីជីថលរយៈពេល៧ឆ្នាំមកហើយ ដោយ បានឆ្លងកាត់ការសហការជាមួយស្ថាប័នរដ្ឋនិងឯកជនក្នុងប្រទេស និងលើឆាកអន្ដរជាតិជាច្រើន ទើបបោះជំហានបង្កើត ក្រុមហ៊ុន ADITI ដោយខ្លួន៕