រាជរដ្ឋាភិបាលកំពុងរុញខេត្តសៀមរាប និងព្រះសីហនុ ជាពូលសេដ្ឋកិច្ចពិសេសរបស់ជាតិ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកំពុងរុញវិស័យទេសចរណ៍ខេត្តសៀមរាប និងទាក់ទាញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តសក្តានុពលទាំងពីរជាពូលសេដ្ឋកិច្ចពិសេសរបស់ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធី «សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១» នាព្រឹកថ្ងៃទី១២ ខែមីនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា «ឆ្នាំនេះ រាជរដ្ឋាភិបាលកំពុងជំរុញខេត្តសៀមរាប លើវិស័យទេសចរណ៍ និងខេត្តព្រះសីហនុ លើការវិនិយោគ ដោយទាក់ទាញវិនិយោគជាច្រើនមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ និងឈានទៅបង្កើតខេត្តព្រះសីហនុ និងសៀមរាប ជាពូលសេដ្ឋកិច្ចពិសេសរបស់ជាតិ»។

បើតាមសម្តេចធិបតីរាជរដ្ឋាភិបាលក៏កំពុងខិតជំរុញឱ្យមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តារប្រទេសផ្សេងៗ ដើម្បីពង្រីកការហោះហើរតាមផ្លូវអាកាសឱ្យកាន់តែទូលាយថែមទៀត។

ដោយមើលឃើញខេត្តសៀមរាបរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងទៀតនៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ព្រមទាំងវិធានការមួយចំនួន ដើម្បីចូលរួមស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។ រាជរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថា ការផ្តោតទៅលើខេត្តសៀមរាប មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនបានគិតគូរលើគោលដៅទេសចរណ៍នៅកន្លែងផ្សេងទេ ប៉ុន្តែជាជំហានចំពោះមុខការផ្តោតយកចិត្តទុកដាក់ជាពិសេសទៅលើខេត្តសៀមរាប តាមការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឈានដល់ការទាក់ទាញទេសចរមកកម្ពុជា។

ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី។

រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីពិសេសនេះ នឹងចូលរួមចំណែកប្រែក្លាយមុខមាត់ និង អនាគត ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជា ការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព៕