រយៈពេលមួយខែកុម្ភៈគម្រោងវិនិយោគថ្មី ចាយទុនជាង១ពាន់លានដុល្លារ រដ្ឋសម្រេចអនុម័ត

សង្គម​និង​សេដ្ឋកិច្ច

ពេញមួយខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងវិនិយោគលើវិស័យជាច្រើន នៅក្នុងខេត្តកោះកុង កំពង់ឆ្នាំង ស្វាយរៀង និងរាជធានីភ្នំពេញ ដែលគ្រោងចាយទុនវិនិយោគជាង១ពាន់លានដុល្លារ រដ្ឋបានសម្រេចអនុម័តឱ្យបើកដំណើរការ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើបានឱ្យដឹងថា គិតក្នុងខែកុម្ភៈ គម្រោងថ្មីៗដែលអនុម័តមានចំនួន៣២គម្រោង ដោយ២៤គម្រោង មាននៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣ គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ប្រមាណ ៣៨ពាន់កន្លែង។

គម្រោងលេចធ្លោសំខាន់ក្នុងខែកុម្ភៈ ដើមឆ្នាំនេះ គឺ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព ១៥០MW, គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង, គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ, គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ, និងគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត។

បើតាម CDC វិនិយោគិនដែលបោះទុនវិនិយោគមានប្រភពមកពី ប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរីមានចំនួន ៤,៣១%, និងប្រទេសវៀតណាមមានចំនួន ៤,០៩%​ ចំណែកវិនិយោគិនក្នុងស្រុកមានចំនួន៥៨,៤១%។

សូមជម្រាបជូនថា នៅក្នុងខែមករាកន្លងទៅCDC បានអនុម័តគម្រោងចំនួន៣២ ប្រើទុនសរុបប្រមាណជាង ១៨៧លានដុល្លារផងដែរ៕