សម្តេចធិបតី ហ៊ុន ម៉ាណែត មានមោទនភាពចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោដែលមានលើទឹកដីខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញបានសម្តែងក្តីរំភើបរីករាយ និងមានមោទនភាពជាខ្លាំង ដែលមានវត្តមានលើទឹកដីកម្ពុជា និងសាងសងឡើងដោយទឹកដៃកូនខ្មែរ។ សម្តេចធិបតី ថ្លែងដូច្នេះ ខណៈបានឃើញការរីកចំរើនគួរឱ្យកត់សម្គាល់នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានសាទរថាជាព្រលានយន្តហោះធំជាងគេរបស់កម្ពុជា និងជាសក្ខីភាពនៃមោទនភាពរបស់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីបានបង្ហាញសេចក្តីរីករាយ និងមានមោទនភាពនេះ ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា៖ «ខ្ញុំហ៊ានអួត ព្រោះជារបស់ខ្មែរ កើតលើទឹកដីខ្មែរ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការសាងសងអាកាលយាន្តដ្ឋាននេះ គឺមានស្តង់ដារសុវត្ថិភាពខ្ពស់ ទាំងសំណង់នៅទីនេះ គឺមានការយកចិត្តទុកជាខ្លាំង ហេតុនេះសូមឱ្យបន្តកិច្ចការងារជាទីមោទនភាពរបស់យើងនេះបន្តទៀត»។

បន្ថែមពីនេះ សម្តេចធិបតី បានបង្ហាញក្តីរំពឹងដែរថា ព្រលានយន្តហោះអន្តរជាតិតេជោនេះ នឹងធ្វើឱ្យ មានការអភិវឌ្ឍនៅតំបន់ភាគខាងត្បូងភ្នំពេញ និងតំបន់ភាគនិរតីនៃប្រទេសផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏រំពឹងថា តាមរយៈព្រលានយន្តហោះនេះ ក៏ជាការបណ្តុះធនធានមនុស្សកម្ពុជារយៈពេលវែង លើការសាងសង់សមិទ្ធផលនានា ដែលចេញពីដៃកូនខ្មែរ។

គួរបញ្ជាក់ថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ 4F បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ៅ ហាវណាល់ បានលាតត្រដាងថា ដំណាក់កាលទី១ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% ជាមួយនឹងការចំណាយសរុបចំនួន ៩៦១លានដុល្លារអាមេរិក ដែលបានបែងចែកសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើសពីការគ្រោងទុកនៃការវិនិយោគសរុបចំនួន ១.៥ពាន់លានដុល្លារ។ តាមផែនការដែលបានគ្រោងទុក ដំណាក់កាលសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ចាត់ថ្នាក់ជា 4F គ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥៕ អត្ថបទ៖ រង្សី