បង្កើតក្រុមមេធាវីជួយដល់ពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុន CIC ដោយឥតគិតថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

គណៈមេធាវីនៃកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋដែលពាក់ព័ន្ធរងគ្រោះដោយសារក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc)ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងមកមានក្រុមហ៊ុននិងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋដែល ដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។

ដោយបេសកកម្មរបស់វិជ្ជាជីវៈមេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស គណៈមេធាវីនៃកម្ពុជាបានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្ដឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃឡើយ។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ដូច្នេះចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ហើយមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ឬពឹងពាក់មេធាវីជួយការពារក្តី សូមមកកាន់ទីស្នាក់ការគណៈមេធាវីនៃកម្ពុជា នៅរៀងរាល់ម៉ោងការងារ៕