ក្នុងវេទិកាបូអាវសម្រាប់អាស៊ី សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីតួនាទីមហាយក្សចិនក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី នៅប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨​ខែមីនាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់មហាយក្សចិនក្នុងការប្តេជ្ញាយ៉ាងមុតមាំកសាងសហគមន៍ ជោគវាសនារួម សម្រាប់មនុស្សជាតិ តាមរយៈការលើកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ រួមសម្រាប់ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា «ការសង្កត់ធ្ងន់លើនវានុវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្ម ជាពិសេសតាមរយៈការអភិវឌ្ឍន៍ នៃកម្លាំងផលិតភាពថ្មី ក៏ដូចជាការផ្ដល់សារៈសំខាន់លើបរិបទ និងនិរន្តរភាព គឺសុទ្ធតែបានបង្ហាញ ថាចិនព្យាយាមផ្ដោតសំខាន់លើកត្តាគុណភាព ជាងការសម្រេចកំណើនដាច់ខាត»។

សម្ដេចតេជោបន្តថា សម្រាប់តំបន់ និងពិភពលោក យើងមានសេចក្តីរីករាយនៅពេលមានចិនបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកចំហ និងបង្ហាញការផ្ដាជ្ញាយ៉ាងមុតមាំ ក្នុងការកសាងសហគមន៍ ជោគវាសនារួម សម្រាប់មនុស្សជាតិ តាមរយៈការលើកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ រួមសម្រាប់ទាំងអស់គ្នា។ បច្ចុប្បន្ននេះតំបន់ជាច្រើន នៃពិភពលោកមិនទាន់បានធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើង ទៅលើជនស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនោះទេ។ សង្គ្រាមនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣ ហើយជាអកុសល យើងមិនទាន់បានឃើញពន្លឺនៃ សន្តិភាពនោះឡើយ។ ឯសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏នៅបន្តឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។

ជាមួយគ្នានេះ សម្ដេចតេជោពិតជាមានសេចក្តីរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ដោយសម្ដេចជឿជាក់ថាសកម្មភាពបែបនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវ ផ្សេងទៀត នៃសហគមន៍អន្តរជាតិ ក្នុងការពន្លឿនការចរចា និងឈានទៅសម្រេចបទឈប់បាញ់ នៅអ៊ុយក្រែន ក៏ដូចជាតំបន់ផ្សេងទៀត នៃពិភពលោក ដែលត្រូវបំភ្លេចបំផ្លាញដោយសង្គ្រាមនោះ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការបន្តទទួលខុសត្រូវរបស់យើងទាំងអស់គ្នា នៅក្នុងតំបន់អាស៊ី គឺការរក្សាស្ថេរភាពនិងសន្តិភាព នៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ និងមិនវិលត្រឡប់ថយក្រោយ និងការធានាជំរុញឲ្យ កាន់តែប្រសើរឡើងនូវការអភិវឌ្ឍន៍ អនាគតដើម្បី វិបុលភាពរួមគ្នា ។ អាស៊ីបានបន្តអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយបានដើរតួនាទីជាក្បាលម៉ាស៊ីនដឹកនាំ កំណើនជាពិសេស ក្នុងអំឡុងពេលដល់លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់ចំណុចខ្សោយ ធៀបជាមួយក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ ។

សម្ដេចមានប្រសាសន៍បន្តទៀតថា «ចុងក្រោយកំណើនសេដ្ឋកិច្ចរឹងមាំរបស់អាស៊ី និងឋានៈជាមជ្ឈមណ្ឌល ផលិតកម្ម និងពាណិជ្ជកម្មរបស់ពិភពលោក បានផ្ដល់ឲ្យអាស៊ីនូវតួនាទីសកល ដ៏សំខាន់ ទោះបីជាពិភពលោកមានកំណើនទាប នឹងត្រូវប្រឈមដោយការសើរើ រចនាសម្ព័ន្ធខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នាពេលថ្មីៗនេះ ក៏សេដ្ឋកិច្ចអាស៊ី នៅរំពឹងថានឹងអាច រួមចំណែកដល់ 60% នៃកំណើន ផលិតផលក្នុងស្រុកសរុប ជាក់ស្ដែងរបស់ពិភពលោក នៅក្នុងឆ្នាំខាងមុខនេះ។ ក្នុងន័យនេះ តំបន់របស់យើងមានភាពចាំបាច់ ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាឲ្យបាននូវសន្ទុះវិជ្ជមាន សកម្មភាពរបស់យើងត្រូវតែដឹកនាំសកម្មភាពពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ដែលបម្រើឲ្យយើងទាំងអស់គ្នា មិនមែនសម្រាប់ក្រុមប្រទេសណាមួយនោះទេ»៕