ស្ថានភាពសំណង់នៅកម្ពុជានៅតែរក្សារបានកំណើនវិជ្ជមាន ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ

សង្គម​និង​សេដ្ឋកិច្ច

វិស័យសំណង់កម្ពុជានៅតែរក្សាបានកំណើនវិជ្ជមាន ដោយគិតក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន ៥៣៣ គម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញកាលពីពេលថ្មីនេះថា ស្ថានភាពសំណង់ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនម្រោងសាងសង់ ២៦៩ គម្រោង មានផ្ទៃក្រឡា ៨១២ ពាន់ម៉ែត្រការ៉េ និងប្រើប្រាស់ទុនក្នុងទំហំ ៣០៤ លានដុល្លារ។បើធៀបនឹងខែមុន ស្ថានភាពក្នុងវិស័យសំណង់ បានរក្សារកំណើន វិជ្ជមាន ដោយចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ ផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ កើនឡើង ១,៩% ១០,៤% និង ២,៨% រៀងគ្នាធៀបនឹងខែមុន។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា បើគិតក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន ៥៣៣ គម្រោង ដែលក្នុងនោះ មានគម្រោងលំនៅដ្ឋាន ៤៤៩ គម្រោង (មានបុរីចំនួន ៤២០ គម្រោង និងខុនដូ ២៩ គម្រោង), ចំណែកសំណង់ឧស្សាហកម្មមាន ៣៣ គម្រោង, សំណង់ពាណិជ្ជកម្មមាន ៣៣ គម្រោង, សំណង់ទេសចរណ៍មាន ៨ គម្រោង, និងសំណង់សាធារណៈចំនួន ១៦ គម្រោង។

គួរឱ្យដឹងថា ថ្មីៗនេះ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកក៏បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងប្រសើរឡើងដោយនឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ ធៀបនឹង ៥,៤ ភាគរយក្នុងឆ្នាំ ២០២៣ ។កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យ។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១,៧៧៧អគារ គឺមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០២២៕