ខេត្តកំពង់​ធំ​ នៅតែ​​ជាម្ចាស់​ផ្ទះបុណ្យ​ទន្លេលើក​ទី៧ នៅ​ឆ្នាំ២​០២៣ ក្រោយខកខាន២​ឆ្នាំជាប់គ្នា

សង្គម​និង​សេដ្ឋកិច្ច

ខេត្តកំពង់ធំ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេ លើកទី៧ ដែលគ្រោងធ្វើ​នៅក្នុងខែមីនា ឆ្នាំ២០២៣ ក្រោយពីបានលុប​ចោល​ ក្នុង​រ​យៈ​​​ពេល​​ពីរឆ្នាំចុងក្រោយ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់របស់​លោក ថោង ខុន រដ្ឋ​​មន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីបើកពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡានៅពហុកីឡដ្ឋាន​​ជាតិមរតកតេ​ជោ ​កាល​ពីរាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ថោង ខុន ថ្លែងនៅក្នុងពិធីបើកពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡានៅពហុកីឡដ្ឋាន​​ជាតិមរតកតេ​ជោ

លោក ថោង ខុន ក៏អំពាវនាវ និងក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួម​ផ្សព្វ​ផ្សា​យ និងអនុវត្តនូវវិធាន​ការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បី​​បង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរ​​កម្សាន្ត​នៅកម្ពុជា រួមចំណែកក្នុងការជំរុញផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ» ។

គួររម្លឹកថា តាំងពី​ឆ្នាំ​ ២០១៥ ​មក​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ទេសចរណ៍​ បាន​ចាប់ផ្ដើម​រៀបចំ​ពិធីបុណ្យ​​ទន្លេ​ ដើម្បី​ជំ​រុញ​​​កំណើន​ទេសចរ​តាម​ដង​ទន្លេ​កម្ពុជា​ឱ្យ​ក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ឧត្តមភាព។ ពិធីបុណ្យ​​ទន្លេ​លើក​ទី​៧ ដែល​គ្រោង​រៀបចំ​នៅ​ខេត្ត​កំពង់ធំ​ តាំងពីឆ្នាំ២០២១ បន្ទាប់ពីខេត្តបាត់ដំបង​​ ត្រូវបានលុបចោល២ឆ្នាំជាប់គ្នា ដោយសារ​បារម្ភ​ពី​ការឆ្លង​​រាលដាលនៃជំងឺ​កូវីដ​ ១៩​។

គួរ​បញ្ជាក់ថា ខេត្តកំពង់ធំ​មាន​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ចំនួន​ ៤ រួមមាន តំបន់​ប្រាសាទ​សំបូរព្រៃ​គុក​​ស្ថិត​នៅ​បណ្តោយ​ស្ទឹងសែន​ក្នុង​ភូមិ- ឃុំ-ស្រុក​សំបូរ ចម្ងាយ ​២៨ ​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទី​រួម​ខេត្ត​,​តំបន់​ប្រាសាទ​គុកនគរ នៅ​ភូមិ​ត្រដក់​ពង ឃុំ​ពង្រ ស្រុក​តាំងគោក មាន​ចម្ងាយ​ ៨៦ ​គីឡូម៉ែត្រ​​ពី​ទី​រួម​ខេត្ត​,​ តំបន់ភ្នំ​សន្ទុក ស្ថិតនៅ​ភូមិ-ឃុំ​កកោះ ស្រុក​សន្ទុក​មាន​ចម្ងាយ​ ១៧ ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត និង​តំបន់​រមណីយដ្ឋាន​​បឹងសំរឹទ្ធិ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ ៕ អត្ថបទ៖ ពុធិកា