សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកនឹងរកវិធីគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យធ្លាក់ចុះបន្ថែម

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមចំពោះពិភពលោក ថានឹងរកវិធីគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យមានធ្លាក់ចុះបន្ថែម។ ការថ្លែងដាក់ក្តីរំពឹងបែបនេះរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នាព្រឹកថ្ងៃទី៣០ ខែមីនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ «ធនាគារពិភពលោក បានចេញមុខព្រមានពីហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចសកលម្តងហើយម្តងទៀត ដែលខ្ញុំគិតថា ការព្រមានជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននោះបានក្លាយទៅជាចិត្តសាស្ត្រមួយដែរសម្រាប់ប្រទេស ជាពិសេសប្រជាពលរដ្ឋដែលភ័យព្រួយនាំគ្នាទៅដកលុយពីធនាគារ»។

សម្តេចតេជោបានគូសបញ្ជាក់ថា «ធនាគារអាមេរិករលំក្ស័យធនមួយចំនួនរួចហើយ ដែលការទៅដកលុយចេញពីធនាគារ ទៅដកចេញច្រើនពេកធនាគារច្បាស់ជាដួល។ កម្ពុជាមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល»។

បើតាមសម្តេចតេជោ ហ៊ុន សែន រឿងទាក់ទងទៅនឹងបញ្ហាទណ្ឌកម្មជាឯកតោភាគីបូកជាមួយនឹងបញ្ហាសង្គ្រាមដែលចាប់ផ្តើមពីរុស្ស៊ី និងអ៊ុយក្រែនបានបង្កើតទៅជាស្ថានភាពមិនល្អសម្រាប់សេដ្ឋកិច្ចសកល។

ធនាគារ​ពិភពលោក ថ្មីៗនេះ បាន​បន្ថយ​អត្រា​នៃ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២៣​របស់​ខ្លួន​ទៅ​ដល់​កម្រិតកៀក​នឹង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​សម្រាប់ប្រទេស​ជាច្រើន នៅ​ពេល​ផល​ប៉ះពាល់​នៃ​ការ​បង្កើន​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្ដាល​ កើន​តែ​ឡើង​ខ្លាំង ​សង្គ្រាម​រុស្ស៊ីនៅ​អ៊ុយក្រែន​នៅ​បន្ត ហើយ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ធំៗ​លើ​លោក នៅ​ដង្ហក់​នៅ​ឡើយ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ Reuters។

ធនាគារ​ពិភពលោក និយាយ​ថា​ «ពេល​នេះ​ខ្លួន​រំពឹង​ថា​កំណើន​ផល​ទុន​សរុប​ក្នុង​ស្រុក​ទូទាំង​សកលលោក​នៅ​ត្រឹម​១.៧​%​នៅ​ឆ្នាំ​២០២៣ ជា​កំណើន​យឺត​បំផុត​ ក្រៅ​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ឆ្នាំ​២០០៩​និង​២០២០ ក្នុង​ពេល​ជិត​៣​ទសវត្សរ៍​កន្លង​មក​នេះ»។ ក្នុង​របាយការណ៍​ស្តីពី​សន្ទស្សន៍​សេដ្ឋកិច្ច​សកល​លើក​មុន​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា​ឆ្នាំ​២០២២ ធនាគារ​ពិភពលោក បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​កើន​ក្នុង​អត្រា​៣%។​

ស្ថាប័ន​ផ្តល់​កម្ចី​សម្រាប់​អភិវឌ្ឍន៍​នេះ និយាយ​ថា ​ការ​ធ្លាក់​ចុះក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍ រួម​ទាំង​ការ​កាត់​អត្រា​ព្យាករណ៍​របស់​ខ្លួន​មក​ត្រឹម​០,៥ % ​សម្រាប់​ទាំង​សហរដ្ឋ​អាមេរិក​ ទាំង​តំបន់​អឺរ៉ុប ជា​ប្រផ្នូល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល​ថ្មី​មួយ​ក្នុង​ពេល​មិន​ដល់​៣​ឆ្នាំ​ផង ក្រោយ​ពី​ការ​ធ្លាក់​ចុះ​លើក​ចុងក្រោយ។

​ធនាគារ​ពិភពលោក គូសបញ្ជាក់បន្ថែមថា ការ​ប្រមើល​មើល​ដ៏​អាប់អួ​នេះ នឹង​ធ្លាក់​ទៅ​លើ​ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿនដែល​ប្រទេស​ទាំង​នេះ កំពុង​ត្រដាបត្រដួស ដោយសារ​តែ​បន្ទុក​បំណុល​ធ្ងន់ធ្ងរ កំណើន​ប្រាក់​ចំណូល​និង​រូបិយប័ណ្ណ​ខ្សោយ និង​ការ​បណ្ដាក់​ទុន​វិនិយោគ​យឺត ដែល​ឥឡូវ​ត្រូវ​បាន​ព្យាករណ៍​ក្នុង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​៣,៥% ក្នុង​ពេល​២​ឆ្នាំ​ខាង​មុខ គឺ​តិច​ជាង​អត្រា​កាល​ពី​២​ទសវត្សរ៍​កន្លង​ទៅ៕