ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំ៤ចំណុច ក្នុងពេលដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ក្នុងនោះ បានបញ្ជាក់ផងដែរថា ប្រសិនបើបុគ្គលិកអប់រំណា យកទូរស័ព្ទដៃចូលមណ្ឌលកំណែនឹងត្រូវប្រឈមមុខច្បាប់ និងមិនឱ្យចូលរួមដំណើរការប្រឡងជារៀងរហូត។

យោងតាមសេចក្ដីណែនាំនេះ បានឱ្យដឹងថា ក្រសួងអប់រំ បានធ្វើការណែនាំចំពោះគណៈកម្មការនានាក្នុងដំណើរការកំណែនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ចំនួន៤ចំណុចដូចខាងក្រោម៖ ១, មិនត្រូវថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែតាមគ្រប់រូបភាព។ ២, មិនត្រូវយកប្រធានវិញ្ញាសា និងអត្រាកំណែចេញពីមណ្ឌលកំណែ។ ៣, ត្រូវប្រគល់ជូនគណៈកម្មការកណ្ដាលនៃមណ្ឌលកំណែនូវ៖ ប្រធានវិញ្ញាសា ក្រោយពេលធ្វើអត្រាកំណែចប់ និងអត្រាកំណែ នៅរៀងរាល់បញ្ចប់ការងារតាមពេល។ ៤, ចំពោះបុគ្គលិកអប់រំ ដែលយកចូល និងប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងមណ្ឌលកំណែ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត។
ទន្ទឹមនឹងនោះ ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា មូលហេតុដែលក្រសួងចេញសេចក្ដីណែនាំ៤ចំណុចនេះ គឺក្នុងគោលដៅធ្វើឱ្យការប្រឡងធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងសង្ឃឹមថា គណៈកម្មការនានាក្នុងដំណើរការកំណែ នឹងអនុវត្តសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


