ការដាក់ឱ្យសាកល្បងព្រលានយន្តហោះថ្មីសៀមរាបអង្គរជាសារបញ្ជាក់ប្រាប់ម្ចាស់អាជីវកម្មក្នុងស្រុកឱ្យត្រៀមខ្លួនទទួលភ្ញៀវទេសចរ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីបើកដាក់ឱ្យសាកល្បងឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ ហោះចូលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរកាលពីថ្ងៃទី៥ខែតុលាថ្មីនេះ អ្នកជំនាញដែលធ្វើការនៅក្នុងវិស័យទេសចរណ៍មើលឃើញស្រដៀងគ្នាថាវាគឺជាសារសំខាន់មួយបញ្ជាក់ប្រាប់ទៅម្ចាស់អាជីវកម្មក្នុងស្រុកត្រូវត្រៀមនិងរៀបចំខ្លួនឱ្យបានរួចរាល់នៅមុនថ្ងៃទី១៦ខែតុលាឆ្នំា២០២៣ខាងមុខនេះដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិដែលនិងចូលមកដល់ក្នុងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ធឿន វុឌ្ឍី មគ្គទេសក៍ ទេសចរណ៍នៅខាងខេត្តសៀមរាបយល់ឃើញថា«នេះគឺជាសញ្ញាល្អ និងក្រើនរំលឹកទៅដល់អ្នកប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ត្រៀមឱ្យបានរួចរាល់ដើម្បីទទួលភ្ញៀវទេសចរដែលបានចូលមកដល់ខេត្តសៀមរាប ហើយខ្ញុំមានក្តីសង្ឃឹមថាវាគឺជាកត្តាជំរុញមួយបន្ថែមទៀតធ្វើឱ្យវិស័យទេសចរណ៍មួយនេះងើបឡើងវិញជាបន្តបន្ទាប់»។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជា មើលឃើញថា(១) ការដាក់សាកល្បងឱ្យមានយន្តហោះ ហោះចូលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មីៗនេះវាជាការផ្តល់នូវទំនុកទុកចិត្តមួយទៅដល់ក្រុមហ៊ុនអាកាសចរណ៍ដែលបានវិនិយោគតាមផ្លូវអាកាសទំាងអស់,(២)បង្ហាញឱ្យឃើញនៅការរៀបចំខ្លួនរៀបរយនៅប្រព័ន្ធនៅតាមយន្តហោះរបស់ខ្លួនឯង(៣)ផ្តល់ទំនុកចិត្តទៅដល់ភ្ញៀវទេសចរ ហើយព្រលានមួយដឹកទំនិញផងដែរ។

លោកបញ្ជាក់ថា« ដូចនេះការដាក់ឱ្យសាកល្បងព្រលានយន្តហោះនេះ ត្រូវតែត្រៀមនិងរៀបចំខ្លួនឱ្យបានរួចរាល់មុនថ្ងៃទី១៦ខែតុលាខាងមុខនេះ»។

លោក ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយក អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប អង្គរថ្មីៗនេះ មានប្រសាសន៍ថា ជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង មានក្រុមហ៊ុនអាកាសចរចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕ អត្ថបទ៖សារេត