ការធ្វើពាណិជ្ជកម្មអង្ករនៅលើពិភពលោក នឹងកើនដល់៧០លានតោន នៅត្រឹមឆ្នាំ២០៣៥

សង្គម​ និង​សេដ្ឋកិច្ច

តំណាងអង្គការស្បៀង និងកសិកម្ម នៃសសហប្រជាតិហៅកាត់ថា FAO ក្រៅពីចាត់ទុកកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងនៅក្នុងតំបន់និងពិភពលោក, តំណាងអង្គការមួយនេះបានបង្ហាញនូវការប៉ាន់ប្រមាណរបស់ខ្លួនថា ការធ្វើពាណិជ្ជកម្មអង្ករនៅលើពិភពលោកនឹងកើនដល់៧០លានតោននៅឆ្នាំ២០៣៥ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លី ប្រយុទ្ធ តំណាងអង្គការ FAOមានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មអង្ករលើពីភពលោកត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង៣០ %នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ពោលនឹងកើនពីប្រមាណ៥៤លានតោនអង្គរក្នុងឆ្នាំ២០២៣-២០២៤ ដល់៧០លានតោនក្នុងឆ្នាំ២០៣៤-២០៣៥ ស្របពេលប្រជាជនលើពិភពលោកកំពុងមាននិន្នាការប្រើប្រាស់ស្បៀងអាហារមានគុណភាព សុវត្ថិភាព ផ្តល់អត្ថប្រយោជន៍ល្អសម្រាប់សុខភាព។

លោកបន្តថា ការផលិតដែលមានការគិតគូរដល់បរិស្ថាននៅក្នុងបរិបទនេះ ពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរបរិវត្តកម្ម ដោយជួយឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរយ៉ាងលឿននៃទីផ្សារ និងការរកឱកាសថ្មីៗដើម្បីបង្កើតតម្លៃបន្ថែម។

លោកលើកឡើងថា ដំណាំស្រូវត្រូវបានដាំដុះនៅទូទាំងពិភពលោក និងជាអាហារមូលដ្ឋានសម្រាប់មនុស្សជាងពាក់កណ្តាលនៅលើពិភពលោក ហើយក៏ជាទំនិញមួយប្រភេទដែលមានលក្ខណៈរសើប ទាក់ទងនិងផ្នែកនយោបាយដោយតម្លៃរបស់វា ប្រែប្រួលទៅតាមស្ថានភាពផលិតកម្ម ការស្តុកទុក ការបញ្ចេញស្តុក និងគោលនយោបាយរបស់ប្រទេសនាំចេញ និងនាំចូល។ ដូចនេះការតាមដាននិន្នាការ ផលិតកម្ម និងទីផ្សារសកល ការប្រែប្រួលតម្លៃ និងគោលនយោបាយរបស់ប្រទេសនាំចេញ និងនាំចូល គឺជាកត្តាសំខាន់ ដើម្បីកំណត់ពីហានិភ័យដែលអាចកើតមានចំពោះវិស័យស្រូវអង្គរ សំដៅរៀបចំយុទ្ធសាស្ត្រ និងវិធានការនានាដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន និងកសាងបាននូវមូលដ្ឋានរឹងមាំនៅក្នុងប្រព័ន្ធពាណិជ្ជកម្មស្រូវអង្ករពិភពលោក។

លោក លី ប្រយុទ្ធ មានប្រសាសន៍ថា «ប្រទេសកម្ពុជា មានកិត្យានុភាពផលិតអង្ករដែលមានគុណភាពល្អ ដែលជាគុណតម្លៃអង្ករកម្ពុជា គឺបានបង្ហាញតាមរយៈការឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក។ ដើម្បីទាញយកគុណប្រយោជន៍ពីគុណតម្លៃនេះ វាទាមការខិតខំប្រឹងប្រែងបន្តទៀតលើការផលិត និងការកែច្នៃ ដែលអនុឡោមតាមស្តងដារ ការបង្កើតម៉ាក ការផ្សព្វផ្សាយទីផ្សារ និងបង្កើនសមត្ថភាពនាំចេញ។ បន្ថែមលើសពីនេះវាទាមទារការវិនិយោគបន្ថែមលើការស្រាវជ្រាវ និងកម្មវិធីបង្កាត់ពូជ ការកែលម្អលើការដាំដុះ និងគ្រប់គ្រងដំណាំ ការអភិវឌ្ឍផ្នែកឡូជីស្ទីក ការពង្រីកកម្មវិធីហិរញ្ញប្បទាន ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តយូរអង្វែងសម្រាប់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ។ សកម្មភាពទាំងនេះសុទ្ធសឹងជាសកម្មភាពអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តពង្រីកនិងពិធិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា»៕