ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice Co., Ltd) នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអំពាវនាវ ដល់អាជីវករដែលមានតម្រូវការអង្ករដំណើបធ្វើនំ ឫ ម៉្សៅផ្សេងៗ សូមធ្វើការបញ្ជាទិញឱ្យបានមុនពេលច្រូតកាត់ នៅខែវិច្ឆិកា។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “សូមអំពាវនាវ ដល់អាជីវករដែលមានតម្រូវការអង្ករដំណើបធ្វើនំ ឫ ម៉្សៅផ្សេងៗ សូមធ្វើការបញ្ជាទិញឱ្យបានមុនពេលច្រូតកាត់ ខែវិច្ឆិកា ព្រោះស្រូវដំណើបស្បៃមង្គលនេះ ច្រូតតែម្តងទេ ក្នុង ១ឆ្នាំ”។
សូមជម្រាបថា ស្រូវដំណើប «ស្បៃមង្គល» ដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាព កាលពីខែមិថុនា ឆ្នាំ២០២២ កំពុងតែមានតម្រូវការខ្លាំង នៅទីផ្សារចិន និងអឺរ៉ុប ខណៈកសិករកម្ពុជាបាននិងកំពុងបង្កើនការដាំដុះពូជស្រូវដំណើរប្រភេទនេះ សម្រាប់ការនាំចេញផងដែរ។
ឧកញ៉ា សុង សារ៉ន ធ្លាប់បានឱ្យដឹងថា ពូជអង្ករដំណើបស្បៃមង្គល ត្រូវបានកសិករ ដាំដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បន្ទាប់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CARDI បានព្យាយាមបង្កើត ហើយជំរុញឱ្យកសិករ ចាប់ផ្តើមផលិត ដើម្បីនាំចេញ៕



