ខេត្តព្រះសីហនុ នឹងមានរោងចក្រផលិតកេសកាតុង និងផលិតផលធ្វើពីក្រដាស តម្លៃជាង៣លានដុល្លារ នាពេលខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

នាពេលខាងមុខនេះ វត្តមានរោងចក្រផលិតកេសកាតុង និងផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ ដែលវិនិយោគដោយក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ តម្លៃជាង៣លានដុល្លារអាមេរិក និងត្រូវបានបង្កើតឡើងលើទឹកដីខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តបានឯកភាពលើសំណើរគម្រោងវិនិយោគនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) ដែលដឹកនាំដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ជាមួយភាគីពាក់ព័ន្ធ កាលរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើបទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ និងការពិនិត្យលើរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​។

តាមរយៈកិច្ចប្រជុំនេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ក៏បានឯកភាព លើសំណើស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​ ​ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តព្រះសីហនុ​។

គួរបញ្ជាក់ថា រោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន​ខាងលើ គឺមានទុនចុះបញ្ជី ១.៥០០.០០០ដុល្លាអាមេរិក និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លាអាមេរិក ដែលនឹងបង្កើតឡើងលើទីតាំងស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​៕