សម្តេចធិបតីស្នើឱ្យចិនពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសថែមទៀតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅកម្ពុជា។ការស្នើបែបនេះរបស់សម្តេចធិបតី ក្នុងឱកាសឱ្យលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក វ៉ាង យី ជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។

លោកបន្តថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅប្រទេសចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយលោក ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀតនៅកម្ពុជា។

នាឱកាសនោះ សម្តេចធិបតីក៏បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។

លោក វ៉ាង យី ក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះលោកបានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ៕