បច្ចុប្បន្នកម្ពុជាមានកំពង់ផែ និងចំណតផែច្រើនរហូតដល់ ១១៩កន្លែង តែនៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការកម្ពុជានៅឡើយ

សង្គម​និង​សេដ្ឋកិច្ច

កំពង់ផែដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្នកម្ពុជាមានកំពង់ផែ និងចំណតផែច្រើនសរុបចំនួន ១១៩កន្លែង ប៉ុន្តែក៏នៅមិនទាន់បានឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្តែងតាមភូមិសាស្រ្តរបស់ប្រទេសកម្ពុជានៅឡើយ។នេះបើតាមការឱ្យដឹងពីលោក ប៉េង ពោធ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចពិភាក្សាពិសេសរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉េង ពោធិ៍នា បានឲដឹងថា កំពង់ផែដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការសម្របសម្រួលពាណិជ្ជកម្មជាតិ និងអន្តរជាតិ ការទាក់ទាញភ្ញៀវទេសចរ ការបង្កើតការងារជូនប្រជាពលរដ្ឋ និងការតភ្ជាប់កំពង់ផែក្នុងប្រទេស ទៅកាន់កំពង់ផែក្នុងតំបន់ និងពិភពលោក។

លោកបន្តថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែ និងចំណតផែសរុបចំនួន ១១៩កន្លែង ដែលក្នុងនោះមានកំពង់ផែអន្តរជាតិចំនួន២កន្លែង គឺកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែទឹកសាប និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រ។កំពង់ផែ និងចំណតផែនៅតាមដងទន្លេមានចំនួន៨៨កន្លែង និងនៅតាមឆ្នេរសមុទ្រមានចំនួន៣១កន្លែង។

បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ ទោះបីកម្ពុជាមានកំពង់ផែច្រើនពិតមែន ប៉ុន្តែក៏នៅមិនទាន់បានឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្តែងតាមភូមិសាស្រ្តរបស់ប្រទេសកម្ពុជានៅឡើយ។ក្នុងនេះ យើងក៏កំពុងរៀបចំផែនការមេកំពង់ផែនៅកម្ពុជាទៅដល់ឆ្នាំ២០៥០ផងដែរ។

បើតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា បច្ចុប្បន្ន កំពង់ផែសមុទ្រនៅកម្ពុជា រួមមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងខេត្តព្រះសីហនុ កំពង់ផែកោះកុង កំពង់ផែស្រែអំបិល កំពង់ផែ ឧកញ៉ាម៉ុងក្នុងខេត្តព្រះសីហនុ កំពង់ផែកំពតក្នុងខេត្តកំពត និងចំណតផែទេសចរណ៍កែបក្នុងខេត្តកែបជាដើម។

ការដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជាភាគច្រើន ប្រមូលផ្តុំនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាចំណតផែកុងតឺន័រសមុទ្រទឹកជ្រៅចម្បងសម្រាប់ការធ្វើ ពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នៅកម្ពុជា។ទោះជាយ៉ាងនេះក្តី សមត្ថភាពផែអន្តរជាតិកម្ពុជានៅមានកម្រិតធៀបជាមួយ កំពង់ផែសមុទ្រក្នុងតំបន់ដូចជា ប្រទេសថៃ និងប្រទេសវៀតណាមជាដើម៕