ប្រតិភូ CDC​ និងបណ្តាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញចំនួន៨ ជួបពិភាក្សាគ្នាពីកិច្ចការវិនិយោគិននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញ ដែលបច្ចុប្បន្នកំពុងវិនិយោគលើវិស័យជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធ រថភ្លើង វិស្វកម្មនិងសំណង់ ឱសថ សុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល និងកសិកម្មជាដើម ដើម្បីផ្សព្វផ្សាយឱកាសវិនិយោគ ពិសេសដើម្បីឈ្វេងយល់ពីកិច្ចដំណើរការវិនិយោគិនលើវិស័យសំខាន់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយ ដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបំណងដើម្បីបញ្ជ្រាបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនដើម្បីធានានូវជោគជ័យភាពរបស់បណ្ដាក្រុមហ៊ុនដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា។

បណ្ដាក្រុមហ៊ុនបានជួបពិភាក្សាខាងលើ រួមមាន៖ ១. ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។

២. ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ ៦០ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង៣០០ នៅ៥០ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

៣. ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង៣៨០ នៅក្នុងប្រទេសចំនួន៤០។ MELIA Hotels International កំពុងស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីពង្រីកសណ្ឋាគារ និងទេសចរណ៍ក្នុងប្រទេសផងដែរ។

៤. ក្រុមហ៊ុន MOLECOR គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបំពង់ PVC-O ដែលមានគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន MOLECOR ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២៥រួចមកហើយ។

៥. ក្រុមហ៊ុន CAF គឺជាក្រុមហ៊ុនដែលមានវត្តមាននៅប្រមាណ៤០ប្រទេសរួចមកហើយ ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនក្នុងដំណោះស្រាយផ្លូវដែក រួមមានរថភ្លើងល្បឿនលឿន និងការថែទាំជាដើម។

៦. ក្រុមហ៊ុន BIORIZON BIOTECH គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាផ្តោតលើជីវបច្ចេកវិទ្យា សម្រាប់វិស័យកសិកម្ម។

៧. ក្រុមហ៊ុន EDUCTRADE គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងគម្រោងជាច្រើន លើវិស័យសុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល នៅប្រមាណ៤០ប្រទេសទូទាំងពិភពលោក។

៨. ក្រុមហ៊ុន TALGO ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនា ផលិត និងថែទាំរថភ្លើង ដែលក្រុមហ៊ុននេះបានដាក់សាកល្បងប្រើប្រាស់ផ្លូវរថភ្លើងដំបូងរបស់ខ្លួនតាំងពីឆ្នាំ១៩៤១។

ក្រៅពីជួបពិភាក្សាជាមួយក្រុមហ៊ុនទាំង៨ខាងលើនេះ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារ (Business-to-Business_B2B) ជាមួយតំណាងក្រុមហ៊ុនប្រមាណជាង ៣០ផ្សេងទៀតរបស់អេស្ប៉ាញផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ គណៈប្រតិភូមកម្ពុជា ក៏បានបង្ហាញពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។ បន្ថែមពីនេះ គណៈប្រតិភូមកម្ពុជា បានរំពឹងថាកម្ពុជា-អេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ៕ អត្ថបទ៖ រង្សី