មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងមកនេះ កម្ពុជាបាននាំចូលជីកសិកម្ម និងថ្នាំកសិកម្មមានប្រមាណជាង១លានតោន។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ដែលមានទីតាំងក្នុងស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំកាលថ្ងៃទី២៩ មេសាឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ មានប្រសាសន៍ថា “ស្របតាមគោលនយោបាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនប្រកួតប្រជែង និងនាំចូលជី និងថ្នាំកសិកម្មមានគុណភាព និងតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ និងចែកចាយជូនដល់ប្រជាកសិករនៅទូទាំងប្រទេស។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចូលជីកសិកម្មចំនួន ៩៦ម៉ឺនតោន និងថ្នាំកសិកម្មជាង ៧ម៉ឺនតោន ដល់ប្រជាកសិករ។ ដោយឡែក ក្រុមហ៊ុន និងសិប្បកម្មក្នុងស្រុកចំនួន១៦ រួមទាំងក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ចែកចាយជីកសិកម្មប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ”។

លោកលើកឡើងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការផ្តល់សេវាសាធារណ:ល្អ ឆាប់រហ័ស និងប្រកបដោយតម្លាភាព ជាពិសេស ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបង្កលក្ខណ:ងាយស្រួលដល់ក្រុមហ៊ុនទាំងអស់ ទាំងក្រុមហ៊ុននាំចូល និងក្រុមហ៊ុនផលិតក្នុងស្រុក ក្នុងដំណើរការអាជីវកម្មផ្គត់ផ្គង់ចែកចាយជី និងថ្នាំកសិកម្ម ប្រកបដោយគុណភាព តម្លៃសមរម្យ ទាន់ពេលវេលា និងតាមតម្រូវការ ជូនដល់ប្រជាកសិករ នៅទូទាំងប្រទេស។
ការធានា បាននូវការផ្គត់ផ្គង់នេះ បានរួមចំណែកជួយឱ្យកម្ពុជាសម្រេចបានផលិតផលកសិកម្មប្រមាណ ៤០លានតោន ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជាបាននាំចេញជិត ១២លានតោន ទៅកាន់ទិសដៅចំនួន ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,២ពាន់លានដុល្លារ៕
