គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីសារព័ត៌មានជាតិ-បរទេស សរុបចំនួន ១,៦២០ អង្គភាព

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហើបឱ្យដឹងថា ក្រោយធ្វើបច្ចុប្បន្នភាព, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានចុះបញ្ជីសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន ១,៦២០ អង្គភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្នុងចំណោម ១,៦២០ អង្គភាពនោះ រួមមាន៖

ក. ប្រព័ន្ធផ្សព្វផ្សាយទំនើប៖ គេហទំព័រសារព័ត៌មានអនឡាញចំនួន ៨៣៩ អង្គភាព, ទូរទស្សន៍ឌីជីថល​ចំនួន ១២ស្ថានីយ, ទូរទស្សន៍អនឡាញចំនួន ៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន ១២ ស្ថានីយ, ទូរទស្សន៍ផ្កាយរណបចំនួន ៣ ស្ថានីយ។

ខ. ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី៖ កាសែតចំនួន ១២៥ អង្គភាព, សមាគមសារព័ត៌មានចំនួន ២៦ អង្គភាព, ទស្សនាវដ្តីចំនួន ៦ អង្គភាព, ព្រឹត្តិបត្រចំនួន ១២ អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យ​តំណាងអចិន្ត្រៃយ៍ចំនួន ១៨ អង្គភាព, រោងពុម្ពចំនួន ៨៩, សៀវភៅចំនួន ២២ អង្គភាព, ភ្នាក់ងារផ្សាយពាណិជ្ជ​កម្មចំនួន ៣ ក្រុមហ៊ុន, វិទ្យុអ៊ែហ្វអ៊ឹមចំនួន ២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹមចំនួន ១ ស្ថានីយ, ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន ១៦ ស្ថានីយ, ទូរទស្សន៍ផ្សាយបន្តចំនួន ១០១ ស្ថានីយ, ទូរទស្សន៍ខ្សែកាបចំនួន ៤៦ ស្ថានីយ។

សូមជម្រាបថា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី០៣ ខែឧសភានេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញសារលិខិតផ្តល់អនុសាសន៍មួយចំនួនជូនដល់​បងប្អូន​អ្នក​សារព័ត៌មាន​ផង​ដែរ រួមមាន៖

១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹតត្រឹមត្រូវ មានប្រភពច្បាស់លាស់ និង​ត្រូវផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ ប៉ុន្តែសូមចៀសវាងការផ្សព្វផ្សាយ​ព័ត៌មាន ដែល​គ្មាន​ប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មានមានចរិតញុះញង់​ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់។

២. ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន​ធម្មនុញ្ញ​វិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះ​នៃក្រមសីលធម៌វិជ្ជា​ជីវៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

៣. ត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចកើតចលាចល ភាព​វឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និងត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេស​ជាតិ។

៤. ត្រូវបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និង​ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់​គុណភាព​ព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន ក៏ដូចជា​កសាង​ជំនឿ​ទុកចិត្ត​កាន់តែខ្លាំង​របស់​ពលរដ្ឋ​លើសារព័ត៌មាន។