សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ពីការបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។
នេះបើយោងតាមការបញ្ជាក់ពីសម្ដេចធិបតីនៅលើបណ្ដាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចបានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមប្រធានាធិបតីចិន ផ្តល់សារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ។ បន្ថែមពីនោះ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។
ទន្ទឹមនឹងនោះ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់៕



